បរទេស៖ ខ្សែបម្រើប្រយុទ្ធ Ajdin Hrustic រកបានគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ដណ្តើមបានជ័យជម្នះដ៏គួរឲ្យរំជួលចិត្តក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអង្គារ និងឈានទៅកាន់វគ្គជម្រុះចុងក្រោយដើម្បីប្រជែងកៅអីទៅ World Cup ក្នុងប្រទេសកាតា នៅចុងឆ្នាំនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពី Hrustic របស់ក្លិប Eintracht Frankfurt នៅនាទី ទី៨៤ បានកាត់សេចក្តីក្នុងការប្រកួតដ៏តានតឹងរវាងក្រុមខ្លាំងទាំង២ក្នុងតំបន់អាស៊ី នៅកីឡដ្ឋាន Ahmad bin Ali ដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត៧លើកនៃយុទ្ធនាការ World Cup នៅខែវិច្ឆិកា។ អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួមច្រើនជាង៤០០០នាក់ បានបំពេញកៅអីច្រើនជាងពាក់កណ្តាល នៅកីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របាន៤ម៉ឺននាក់មួយនេះ ក្នុងទីក្រុងដូហា ស្របពេលដែលកីឡាករបានស្គាល់រសជាតិនៃការលេងក្រោមម៉ាស៊ីនត្រជាក់ ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យសីតុណ្ហភាពថយចុះ។
ក្រុមជម្រើសជាតិអូស្ត្រាលី ដែលនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉េរ៉ូ នៅកីឡដ្ឋានដូចគ្នានេះ នៅថ្ងៃទី១៣ ខែមិថុនា ដើម្បីប្រជែងយកកៅអីទៅ World Cup ជាលើកទី៥ជាប់ៗគ្នានោះ បានជួបការលំបាកក្នុងការបង្ហាញពីកម្រិតលេងឲ្យបានល្អ ហើយលោកគ្រូបង្វឹក Graham Arnold បាននិយាយថា លោករំពឹងទុកថា កីឡាកររបស់លោកនឹងធ្វើបានល្អប្រសើរជាងនេះ ក្នុងការប្រកួតបន្ទាត់។ លោក Arnold បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តតែ៥០%ប៉ុណ្ណោះជាមួយនឹងក្រុមនេះ។ ខ្ញុំគិតថា ពួកគេនឹងធ្វើបានល្អប្រសើរជាងនេះ ក្នុងការប្រកួតបន្ទាប់»៕
ប្រភពព័ត៌មាន៖ Channel News Asia