ការរកបាន២គ្រាប់ពីសំណាក់ប្រធាន​ក្រុម Sunil Chhetri ដោយការ​ទាត់បាល់ពិន័យ​១១ម៉ែត្រ នៅនាទីទី​១៤ និង​ការស៊ុតបញ្ចូល​ទី​១​គ្រាប់ទៀត នៅនាទីទី​៦០ ដើម្បី​ជួយឱ្យក្រុម​ជម្រើសជាតិ​ឥណ្ឌា ឈ្នះក្រុម​ជម្រើសជាតិ​កម្ពុជា ២-០ ក្នុង​វគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 កាល​ពី​យប់មិញនេះ វាប្រែ​ជាគ្មានន័យ​អ្វី​ទាំង​អស់ ព្រោះ​ឥណ្ឌា ដែល​ធ្វើ​ជាម្ចាស់​ផ្ទះ ប្រចាំពូល​D នេះ បាន​បង្កើតកំហុស មក​លើកម្ពុជា ដែលពិបាក នឹង​ទទួល​យក​បាន។

បើទោះបីជា សហព័ន្ធ​កីឡា​បាល់​ទាត់ឥណ្ឌា បានចេញ​លិខិតសុំទោស ចំពោះ​កម្ពុជា នៅ​រាល់​កំហុស ដែល​ក្រុម​ការងាររបស់​ប្រទេស​នេះ បាន​បង្កើតមានឡើង មក​លើ​កម្ពុជា  ទាក់ទង​នឹង ការ​មិន​យក​ចិត្តទុកដាក់ ទាំងអាហារ ការស្នាក់នៅ រួមទាំង​ទង់​ជាតិ​របស់កម្ពុជា ពិសេស​​ការ​​មិន​ចាក់ភ្លេង​ជាតិ សម្រាប់​ក្រុម​ជម្រើសជាតិ នៅមុនការ​ប្រកួតចាប់​ផ្តើម ប៉ុន្តែនៅរាល់​កំហុស​ទាំង​អស់នេះ វាកំពុង​ក្លាយជា​ប្រធានបទដ៏ក្តៅគគុកថា តើ​ម្ចាស់​ផ្ទះ ឥណ្ឌា មានចេតនា​ធ្វើបែបនេះ ឬក៏ជា​កំហុសអចេតនា?​

ផ្នែកទៅ​លើ​ព័ត៌​មានទទួលបាន ជុំវិញ​ស្ថាន​ភាពជាក់ស្តែង ដែល​ក្រុមជម្រើសជាតិកម្ពុជា បាន​ជួបប្រទះ នៅមុនការ​ប្រកួតជាមួយក្រុម​ម្ចាស់ផ្ទះឥណ្ឌា កាលពី​យប់មិញ​នេះ គឺ​ក្រុមតំណាង​ឱ្យ​កម្ពុជា​ដ៏កម្សត់មួយនេះ មិន​ត្រូវ​បានម្ចាស់ផ្ទះ អនុញ្ញាត​ឱ្យ​ប្រកួតសមជើង នៅ​​កីឡដ្ឋាន Salt Lake ទីក្រុង Kolkata មុនការ​ប្រកួត​នោះ​ទេ ដោយ​​ប្រទេស បានត្រឹម​ឱ្យក្រុម​កម្ពុជា ចូល​ទៅលើ​កីឡដ្ឋាន​នេះ តែប៉ុណ្ណោះ ហើយ​បញ្ហា​នេះ ជារឿងអចេតនា ឬ​ក៏ជាការ​រៀបចំ​ទុក​មុន របស់​ម្ចាស់​ផ្ទះឥណ្ឌា ខណៈការ​ប្រកួត​ធំៗ សុទ្ធតែ​ត្រូវបាន​អនុញ្ញាត​ឱ្យក្រុមភ្ញៀវ បាន​លេង​នៅលើទីលាន មុនការ​ប្រកួត​ផ្លូវការ​នោះ?

ទន្ទឹងនឹង​នេះ ការ​មិន​យក​ចិត្តទុកដាក់ ទាំងទៅលើ​អាហារ ការស្នាក់នៅ រួមទាំង​ទង់​ជាតិ​របស់កម្ពុជា  ពី​សំណាក់​ម្ចាស់​ផ្ទះ​ឥណ្ឌា និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ជារឿង​ចាយដន្យ ឬក៏ជាចេតនា​របស់ម្ចាស់ផ្ទះឥណ្ឌា ដែល​ចង់បំបាក់​ទាំង​ស្មារតី និង​គុណ​ភាព​កម្លាំង​របស់​កម្ពុជា ក្នុងន័យចង់​ឈ្នះ​ក្រុម​កម្ពុជា ខ្លាំងពេក?

ជាមួយគ្នានេះ ការ​មិនចាក់ភ្លេង​ជាតិ ឱ្យ​ក្រុម​ជម្រើសជាតិកម្ពុជា នៅម៉ោង​គោរពភ្លេងជាតិ មុនការ​ប្រកួតចាប់​ផ្តើម វាជាបញ្ហា​បច្ចេកទេសរបស់អ្នកចាក់ភ្លេង ឬក៏ម្ចាស់​ផ្ទះឥណ្ឌា ចង់​ធើស៊ី​ផ្លូវ​ចិត្តតំណាក់កាលចុងក្រោយ មកលើ​ក្រុម​កម្ពុជា ម្តងទៀត? ព្រោះ​បើយោង​តាម​សារ​ព័ត៌​មាន Sport Star របស់​ឥណ្ឌា បាន​បញ្ជាក់​ថា ខាង​មន្ត្រី​កម្ពុជា ទៅ​វិញ​ទេ ដែល​បាន​យក​ទូរសព្ទស្មាត​ហ្វូន​របស់​ខ្លួន ​ដើម្បី​ចាក់​ភ្លេង​ជាតិ ដោយ​សារ​អ្នក​រៀបចំ​កា​រប្រកួតរបស់​ឥណ្ឌា មិនអាច​រក​ភ្លេង​ជាតិ​កម្ពុជា​បាន ក្រោយ​ពេល​ក្រុមកម្ពុជា បានឈរ​ចាំ​គោរពភ្លេង​ជាតិ ទាំង​អារម្មណ៍​ក្តៅ​ក្រហាយ អស់​ពេលជាង​៦នាទី។

ចំពោះ​កំហុសទាំង​នេះ បើទោះបីជា​ចេតនាក្តី អចេតនាក្តី ប៉ុន្តែ​វា​បានបង្ហាញ​រួច​ទៅហើយ​ថា ឥណ្ឌា មានភាពកម្សោយ​ខ្លាំង ចំពោះការ​ធ្វើជាម្ចាស់​ផ្ទះ​លើកនេះ ហើយបញ្ហា​នេះ វាកំពុង​តែ​ស្ថិត​​ក្នុងការរិះគន់​យ៉ាង​ខ្លាំង ពីសំណាក់អ្នកគាំ​ទ្រ​កម្ពុជា ទៅលើ​ម្ចាស់​ផ្ទះឥណ្ឌា ដែល​មិន​បាន​បង្ហាញការ​គោរព និងឱ្យតម្លៃ ដល់​កម្ពុជា ដែលជាភ្ញៀវ។ កំហុស និងភាព​អសកម្ម​របស់​ឥណ្ឌា ក៏​កំពុង​ធ្វើ​ឱ្យ​ប្រទេស​នេះ បាក់មុខ​ខ្លាំង នៅលើ​ឆាក​អន្តរជាតិ ផងដេរ ដែល​គេគិត​ថា ឥណ្ឌា អាច​នឹងមិនទទួលបានឱកាស​ធ្វើជាម្ចាស់​ផ្ទះ សម្រាប់ការប្រកួតផ្លូវ​ការ ដែល​រៀបចំ​ដោយ AFC ទៀត​នោះ​ទេ៕