បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​តាម​ស្មើ​កំណត់ត្រា​ចាស់​ដៃរបស់​ខ្លួន ក្រោយ​ពីពួកគេ​បាន​ផ្តួល​ក្រុម​ម្ចាស់​ជើង​​ឯក​ទ្វីប​អឺ​រ៉ុប អ៊ីតាលី យ៉ាងចាស់​ដៃក្នុងលទ្ធ​ផល ៥-២ ក្នុងការ​ប្រកួត​ Nations League នា​ទីក្រុង Moenchengladbach កាលពីថ្ងៃ​អង្គារ​។ គ្រាប់បាល់​បើកឆាក​ពី​កីឡាករ Joshua Kimmich និង​ការ​ស៊ុត​បាល់ប៉េណាល់ទី Ilkay Gundogan នា​កីឡដ្ឋាន Borussia Park បាន​ជួយ​ឲ្យ​អាល្លឺ​ម៉ង់ នាំមុខ ២-០ នៅ​មុន​ពេល​​ពួក​គេ​បាន​បន្ត​ស៊ុត​បាល់បញ្ចូល​ទី​ជា​បន្ត​បន្តាប់​។

ខ្សែ​ប្រយុទ្ធ Thomas Mueller រក​បាន​គ្រាប់បាល់​ទី​៤៤​របស់​គេ សម្រាប់​អាល្លឺ​ម៉ង់ ក្នុងការ​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​លើក​ទី​១១៦​របស់គេ នៅមុន​ពេល Timo Werner បាន​ស៊ុត​បាល់បញ្ចូលទី​២​គ្រាប់​ចន្លោះ​ពេល​ដ៏ខ្លី​។ លទ្ធផលនេះ គឺ​ដូច​​នឹង​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៥-២ របស់អាល្លឺ​ម៉ង់ លើ​ក្រុម​​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​កីឡដ្ឋាន Olympic នៅ​ទីក្រុង​ប៊ែរ​ឡាំង កាលពីឆ្នាំ​១៩៣៩ អ៊ី​ចឹង​ដែរ​​។

អ្នក​ចាំ​ទី Manuel Neuer ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​និយាយ​ថា លទ្ធផល គឺ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមរបស់​ខ្លួន​។ រូប​គេ​បាន​ឲ្យដឹងថា​៖ «អ្នក​អាច​ប្រាប់​នៅថ្ងៃ​នេះ​ថា យើង​ចង់​បង្ហាញពី​ភាពខ្លាំង​របស់​យើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia