អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបញ្ជាក់ច្បាស់ហើយថា លោក និងក្រុមការងារ បានសម្រេចនឹងប្រើប្រាស់ច្បាប់ ឬការធ្វើសេត្តដ៏យ៉ាប់បំផុត ហើយនៅក្នុងច្បាប់នេះ គឺបើកីឡាករណា រត់មិនបាន ២០,៥ គឺមិនអាចក្លាយជាកីឡាករជម្រើសជាតិ បាននោះទេ។
លោក Honda បាននិយាយនៅចំពោះក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីបានប្រកួតស្មើ ២-២ ជាមួយក្រុមអាហ្គានីស្ថានថា៖ «ខ្ញុំនឹងមិនជ្រើសរើសយកកីឡាករនោះ ចូលជម្រើសជាតិទេ ប្រសិនបើជាគេរត់មិនដល់ ២០,៥ ហើយនិយាយឱ្យស្មោះត្រង់ទៅ វាជាការច្បាស់ជ្រើសរើស និងការធ្វើតេស្តដ៏យ៉ាប់ ដែលខ្ញុំមិនដែលឃើញច្បាប់ឆ្កូតបែបនេះ ពីមុនមកនោះទេ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំត្រូវតែជ្រើសរើសយកច្បាប់នេះ»។
វីរបុរសបាល់ទាត់របស់ជប៉ុនរូបនេះ បានបន្ថែមថា៖ «ដឹងអត់ថា ហេតុអ្វី ខ្ញុំមិនប្រើច្បាប់ដ៏ចម្លែកហ្នឹង ពីមុនមក? ប៉ុន្តែបើសិនយើងចង់ឈ្នះក្រុមទាំងអស់ យើងត្រូវបើវាហើយ ដើម្បីផ្លាស់ប្តូរអ្វីមួយដែលប្លែក និងប្រសើរជាងនេះ។ អ្នករាល់គ្នា តែងនិយាយថា ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ! នៅក្នុងក្លិបវិសាខា ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ខ្ញុំបានធ្វើជារៀងរាល់ថ្ងៃ ដោយអស់លទ្ធភាព ប៉ុន្តែចំពោះខ្ញុំ មិនគិតបែបនេះទេ ព្រោះយើងត្រូវដឹងថា ពេលនេះ យើងមកលេង នៅក្នុងក្រុមជម្រើសជាតិ ដែលខ្ញុំឃើញថា យើងលេងមិនសូវរត់សោះនោះទេ»។
ការឈានដល់ ការប្រើប្រាស់ច្បាប់ថ្មី គឺការរត់ទៅមកៗ តាមរបៀប 30-15 intermittent fitness test ឱ្យបាន ២០,៥ នេះ ក៏ព្រោះតែលោក Honda បានមើលឃើញយ៉ាងច្បាស់ថា កីឡាករកម្ពុជា ភាគច្រើន មិនសូវរត់ និងរត់មិនបានយូរ ហើយនេះជាមូលហេតុដ៏ចម្បងមួយ ដែលធ្វើឱ្យកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌា ២-០ រួចបន្តចាញ់ក្រុមហុងកុង ៣-០ ជាពិសេសការស្មើក្រុមអាហ្គានីស្ថាន ២-២ សម្រាប់ការប្រកួតលើកចុងក្រោយ នៃពានរង្វាន់ AFC Asian Cup កាលពីយប់ថ្ងៃអង្គារ កន្លងមកនេះ។
វីរបុរសបាល់ទាត់របស់ជប៉ុន លោក Honda បានបន្ថែមថា៖ «អ្វីដែលយើងបានធ្វើ (រត់) គឺអាចបាន សម្រាប់តែការប្រកួតនៅលីគរបស់យើង ប៉ុន្តែពេលមកប្រកួតនៅទីនេះ ឱ្យក្រុមជម្រើសជាតិកម្ពុជា គឺមិនដូចគ្នាទេ។ ជាក់ស្តែង សម្រាប់ការប្រកួតរយៈពេល២០នាទីដំបូង ពេលប៉ះក្រុមអាហ្វហ្គានីស្ថាន គឺការរត់របស់យើង ស្ថិតនៅក្រោមអាហ្គានីស្ថាន ហើយនេះជាមូលហេតុ ដែលខ្ញុំសម្រេចថា ត្រូវតែប្រើច្បាប់នេះ បើទោះបីជាវាយ៉ាប់ខ្លាំងក៏ដោយ។
លោកបានបញ្ជាក់ថា៖«ជាមួយការអនុវត្តច្បាប់នេះ បើសិនជាយើងត្រូវបានកោះហៅចូលជម្រើសជាតិហើយ ប៉ុន្តែការធ្វើសេត្ត រត់មិនបានតាមការកំណត់ ២០,៥ យើងនឹងបញ្ជូនអ្នកនោះត្រឡប់ទៅកាន់ក្លិបវិញ»។
អ្នកចាត់ការទូទៅរូបនេះ បានសង្កត់ធ្ងន់ថា៖ «កាលខ្ញុំនៅលេងជាកីឡាករ ខ្ញុំធ្វើបាន ២១,៥ ហើយភាគច្រើន ២២ ខណៈពេលនេះអ្នកទាំងអស់គ្នា មានកាយសម្បទាទាបជាងខ្ញុំ បច្ចេកទេសក្រោមខ្ញុំ ហើយខ្ញុំរត់បានច្រើនជាងពួកយើង អ៊ីចឹងថាតើពួកយើងអាចឈ្នះខ្ញុំរបៀបម៉េច។ ជារួមយើងមានកាយសម្បទាតូចជាងគេ បច្ចេកទេសអន់ជាងគេ រត់បានតិចជាងគេ អ៊ីចឹងតើយើងអាចយកឈ្នះក្រុមគេ ដោយរបៀបម៉េច ហេតុនេះត្រូវខំប្រឹងរត់ គឺរត់ហើយរត់ទៀត ដោយខ្ញុំសង្ឃឹមថា ការជួបគ្នាម្តងទៀត អ្នកទាំងអស់គ្នា នឹងធ្វើបាន ២០,៥ ឬលើសនេះ ចំណែកខ្លួនខ្ញុំ ក៏ដាក់គោលដៅ ធ្វើឱ្យបាន២១ដូចគ្នា»៕