បរទេស៖ សំណើដេញថ្លៃក្នុងទឹកប្រាក់៣៥លានអឺរ៉ូ (ស្មើនឹង៣៧លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភនានារបស់ក្លិបកាំភ្លើងធំ Arsenal ត្រូវបានទទួលយកសម្រាប់ខ្សែបម្រើប្រយុទ្ធ Fabio Vieira របស់ក្លិប Porto ខណៈដែលកីឡាកររូបនេះ នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ នៅមុនពេលចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។
Vieira មានតម្លៃខ្លួនរំលាយកិច្ចចំនួន៥០លានអឺរ៉ូ ប៉ុន្តែ Arsenal បានធ្វើការចរចាទិញកីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២១ឆ្នាំរូបនេះ ដែលមានមហិច្ឆតាលេងក្នុងក្របខ័ណ្ឌ Premier League។ រូបគេបានស៊ុតបាល់បញ្ចូលទី៦គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១៤គ្រាប់ផ្សេងទៀត ក្នុងក្របខ័ណ្ឌកំពូលរបស់ព័រទុយហ្គាល់ នៅរដូវកាលនេះ ក្នុងចំណោមការបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូង១៥លើក និងកីឡាករបម្រុង១២លើក។
Vieira ត្រូវបានប្រើប្រាស់ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ ឬខ្សែប្រយុទ្ធទី២។ ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro អាយុក្រោម២១ឆ្នាំនៅចន្លោះខែកញ្ញា និងខែមេសា រូបគេបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន២គ្រាប់ទៀត។ ស្ថិតក្នុងវ័យ២២ឆ្នាំ Vieira ពិតជាសក្តិសមនឹងក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់ Arsenal ក្រោយពីពួកគេក៏បាននាំយកខ្សែប្រយុទ្ធប្រេស៊ីល Marquinhos វ័យ១៩ឆ្នាំ ផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian