បរទេស៖ ក្លិបកាំភ្លើងធំ Arsenal បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានឥទ្ធិពល Fabio Vieira របស់ក្លិប Porto ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ (ស្មើនឹង៤២លានដុល្លារអាមេរិក) កាលពីថ្ងៃអង្គារ។ កីឡាករវ័យ២២ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតនៅអឺរ៉ុប ក្រោយពីបានអភិវឌ្ឍចេញពីក្រុមយុវជនរបស់ព័រទុយហ្គាល់។
រូបគេបានលេងក្នុងតួនាទីដ៏សំខាន់ក្នុងពេលក្រុម Porto បានឈ្នះពានរង្វាន់ក្នុងស្រុក២ កាលពីរដូវកាលមុន ដោយបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន១៦គ្រាប់ផ្សេងទៀត ក្នុងរាល់យុទ្ធនាការទាំងអស់។ ក្នុងពេលនិយាយកោតសរសើរកីឡាករចំណូលថ្មីទី៣របស់ក្លិប Arsenal ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ដែលយើងបានកំណត់ និងចុះហត្ថលេខាជាមួយនឹងកីឡាករដ៏មានទេពកោសល្យម្នាក់។ Fabio គឺជាកីឡាករដែលមានការច្នៃប្រឌិតខ្ពស់ ដែលនាំយកគុណភាព និងភាពរឹងមាំទៅកាន់តំបន់បម្រើប្រយុទ្ធ»។
Porto បានបញ្ជាក់កាលពីសប្តាហ៍មុនថា Vieira ដែលបានជាប់ជាកីឡាករឆ្នើមប្រចាំយុទ្ធនាការ ក្នុងព្រឹត្តិការណ៍ Euro អាយុក្រោម២១ឆ្នាំ កាលពីឆ្នាំមុន នឹងផ្ទេរទៅកាន់ទីក្រុងឡុងដ៍ ក្រោយពីក្លិបទាំង២ បានយល់ព្រមលើតម្លៃខ្លួនជាគោល។ ក្រុមម្ចាស់ជើងឯករបស់ព័រទុយហ្គាល់មួយនេះ បានបញ្ជាក់ថា ក្រុមកាំភ្លើងធំ នឹងផ្តល់តម្លៃខ្លួនជាគោលចំនួន៣៥លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ ខណៈដែលទឹកប្រាក់ដែលនៅសល់ គឺជាប្រាក់ឧបត្ថម្ភនានា៕
ប្រភពព័ត៌មាន៖ Channel news Asia