ក្រុម​កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា គិត​ត្រឹម​ពេលនេះ បាន​ឈ្នះ​មេដាយមាស​ លើសគោលដៅ ដែលបាន​ដាក់​ចេញ​ហើយ ហើយចំនួន​មេដាយសរុប ដែល​ពួក​គេ​ដណ្តើម​បាន ក្នុង​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី​១១ នៅ​ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី​នេះ ក៏​បានបំបែក​កំណត់ត្រា​មេដាយ សម្រាប់ការចូល​រួម​ប្រកួត ចំនួន​៩​លើក កន្លងមក ផងដែរ។​

សម្រាប់ការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើកនេះ លោក យី វាសនា ជា​នាយ​បេសកកម្ម​អាស៊ានប៉ារ៉ាហ្គេម​នេះ បាន​ដាក់​គោលដៅ​​ និង​ក្តី​រំពឹង​នៃ​ការ​ឈ្នះ​មេដាយ​មាស យ៉ាង​ត្រឹម​៣ ប៉ុន្តែគិត​ត្រឹមពេលនេះ ក្រុមកីឡាជនពិការ​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​បាន​​ចំនួន​៥​ហើយ។

អគ្គលេខាធិការ​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បញ្ជាក់ថា៖​«គិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះ បានមេដាយមាស៥ មេដាយ​ប្រាក់៧ និងមេដាយសំរឹទ្ធ៦ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​សម្រេច​គោល​ដៅ​មេដាយ​លើស​ពីការ​រំពឹ​ងទុក ខណៈការប្រកួត នៅវិញ្ញាសាមានសក្តានុពលជាច្រើនទៀត»។

នាយបេសកកម្ម​អាស៊ានប៉ារ៉ាហ្គេមរូបនេះ បាន​បន្តថា លទ្ធផលនេះ គឺ​ជា​កម្លាំង​ជំរុញ​លើក​ទឹក​ចិត្ត ដល់អត្តពលិកជនពិការឱ្យ​ខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បី​ត្រៀម​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ឱ្យ​ទទួលបានជោគជ័យ ។

ជាមួយ​គ្នានេះ ការ​ឈ្នះមេដាយសរុប​ជាបណ្តុះអាសន្ន​ ចំនួន​១៨​គ្រឿង នៅអាស៊ាន​ប៉ារ៉ាហ្គេម នាពេលនេះ ក៏​បានបំបែក​កំណត់ត្រា ការចូលរួម​អាស៊ាន​ប៉ារ៉ា​ហ្គេម ចំនួន​៩លើក​កន្លងទៅ​ផងដែរ ព្រោះ​កាលឆ្នាំ២០០១ កម្ពុជា​បានមេដាយ​ត្រឹម​៣គ្រឿង ឆ្នាំ២០០៣ បាន៩គ្រឿង ឆ្នាំ២០០៥ បាន៥គ្រឿង ឆ្នាំ២០០៧ បាន១គ្រឿង ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ​២០១១ បាន៧គ្រឿង ឆ្នាំ២០១៣ បាន៩គ្រឿង ឆ្នាំ២០១៥ បាន​៩គ្រឿង និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧ ក្រុម​កីឡាជនពិការកម្ពុជា ទទួល​បានមេដាយ​សរុប​ចំនួន​១០គ្រឿង៕