បរទេស៖ ក្លិប Brentford បានយល់ព្រមលើការផ្ទេរមួយ ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិដាណឺម៉ាក Mikkel Damsgaard ពីក្លិប Sampdoria ក្នងកិច្ចសន្យារយៈពេល៥ឆ្នាំសម្រាប់តម្លៃខ្លួន១៤លានអឺរ៉ូ (ស្មើនឹង១៥,៤៤លានដុល្លារអាមេរិក)។
ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បានបំពេញការពិនិត្យសុខភាពរបស់គេរួចហើយថា ហយនឹងក្លាយជាកីឡាករចំណូលថ្មីទី៦របស់ក្លិប Brentford ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ។ Damsgaard បានបង្ហាញខ្លួន៤៩លើកក្នុងរាល់យុទ្ធនាការទាំងអស់សម្រាប់ក្រុម Sampdoria ក្រោយពីបានចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ កាលពីខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែ បានបង្ហាញខ្លួនត្រឹមតែ១១លើកគត់ កាលពីរដូវកាលមុន ក្រោយពីជួបញាំញីដោយរបួស។
រូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិចំនួន១៦លើកផងដែរ និងបានលេងការប្រកួត៥លើកក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីរដូវក្តៅមុន ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីការស៊ុតបាល់ពិន័យ Free-kick ក្នុងពេលក្រុមដាណឺម៉ាក ចាញ់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley ផងដែរ។ ការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League របស់ក្រុម Brentford នៅរដូវកាលនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយ Damsgaard អាចនឹងបង្ហាញខ្លួនជាលើកដំបូងរបស់កេក្នុងការប្រកួតបន្ទាប់របស់ក្លិបនេះ ពោលគឺជាមួយនឹងក្រុម Manchester United លើទឹកដីខ្លួនឯង នៅថ្ងៃសៅរ៍៕
ប្រភពព័ត៌មាន៖ The Guardian