ក្រុម​អង្គរថាយហ្គឺរ នឹង​ត្រូវ​បើក​ទ្វារកីឡដ្ឋាន​ហនុមាន ដើម្បីស្វាគមន៍​ក្រុម​វិសាខា ជា​ថ្មី​ម្តង​ទៀត ហើយ​នេះក៏ជា​ពេល​ដែលពួក​គេ ត្រូវជម្រះបញ្ជី​ចាស់​ជាមួយ វិសាខា ដើម្បីលាង​ជម្រះ​ភាព​ហ្មងសៅ នាជំនួប២​លើក​កន្លងមក​ផងដែរ ចំណែក​ណាហ្គាវើលដ៍ នឹង​ត្រូវ​ទូទាត់បំណុលចាស់​ជាមួយ បឹងកេត ចំពោះការ​ចាញ់ ឈ្នះ​គ្នា​មិនដាច់​ស្រេច កន្លងមក​នេះ។

សម្រាប់ការ​ប្រកួត​២​លើក​កន្លងមកនេះ ក្រុមអង្គរ​ថាយហ្គឺរ មិនធ្លាប់​ឈ្នះក្រុម​វិសាខា នោះទេ ដោយពួកគេ បានចាញ់ទាំង​២​លើក ប៉ុន្តែការ​ចាញ់​ វិសាខា ៣-១ ក្នុង​សម្រាប់ប្រកួត​ដំណាក់កាល​ទី​២ បន្ថែម​ទៅលើការ​ចាញ់ ៣-១ ដូចគ្នា ក្នុងជើងទី​១​នោះ បានធ្វើ​ឱ្យគ្រូ​បង្គោល​ក្រុម​អង្គរ​ថាយហ្គឺរ មិនអស់​ចិត្ត​នោះ​ទេ ដោយលោកបានទម្លាក់ការ​ចាញ់​នោះ ទៅលើការ​កាត់​សេចក្តី​មិន​យុត្តិធម៌​របស់អាជ្ញាកណ្តាល។

ជាមួយ​ហេតុផលនេះ អង្គរថាយហ្គឺរ នឹង​អាច​ជម្រះបញ្ជី​ចាស់នេះ នៅពេលពួកគេ ត្រូវ​ជួប​ក្រុម​វិសាខា នៅថ្ងៃសៅរ៍នេះ។​ តែទោះបីជា​យ៉ាង​ណា នៅ​ក្នុង​ការ​ប្រកួតដ៏សំខាន់នេះ អង្គរ​ថាយហ្គឺរ នឹងគ្មាន​កម្លាំង​លើក​ទឹក​ចិត្តពី​អ្នកគាំ​ទ្រ​ផ្ទាល់ ដែល​គេចាត់ទុក​ថា ជា​កីឡាករ​ទី​១២ នៅលើ​ទី​លាន​នោះទេ។

ការ​ប្រកួត ដោយ​គ្មានអ្នកគាំទ្រ​ផ្ទាល់​នេះ ក៏ព្រោះ​តែក្លិប​អង្គរ​ថាយហ្គឺរ បានជាប់​ពិន័យ របស់​​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដោយសារ​តែ​អ្នកគាំ​ទ្រ​របស់​ក្លិប​​នេះ បាន​​បង្ក​កំហុស ដោយគប់ដប​ទឹក​សុទ្ធទៅលើ​អាជ្ញាកណ្តាល នៅពេល​ អង្គរ​ថាយហ្គឺរ ប្រកួត​ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៤-០ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ដូច្នេះការ​ប្រកួតជាមួយ​ក្រុម​វិសាខា នេះ គឺ​មិន​អនុញ្ញាត​ឱ្យ​អ្នកគាំ​ទ្រ​ចូល​រួម​នោះទេ។

យ៉ាង​ណា​មិញ ក្រុមណាហ្គាវើលដ៍ និង​បឹងកេត នឹងត្រូវ​ប្រកួត​គ្នា ដើម្បី​ជម្រះភាពមិនដាច់​ស្រេច នាជំនួប​២​លើកកន្លងមក ព្រោះ​ការជួបគ្នាជើងទី​១ ណាហ្គា បានឈ្នះ​បឹងកេត ១-០ តែ​ជើងទី​២ បឹងកេត បានឈ្នះ​ ៣-១ វិញ អ៊ីចាំមើល​ថាតើ ការ​ប្រកួត​លើក​ទី​៣​នេះ បឹងកេត ឬក៏ ណាហ្គាវើលដ៍ ជា​អ្នកដណ្តើមបាន​៣ពិន្ទុ?

ចំណែក​ក្រុមកងយោធពល​ខេមរភូមិន្ទ (ទ័ព) និង​ភ្នំពេញ​ក្រោន ក៏​ត្រូវ​ប្រកួតគ្នាជម្រះ​ភាព​មន្ទិល​ ចំពោះការ​ស្មើ​គ្នា ០-០ និង ២-២ សម្រាប់ជំនួប​២លើក​កន្លងមក ផងដែរ រីឯ ព្រះខ័នរាជស្វាយរៀង ដែល​ទើបជួបការ​ចាញ់​ ជា​លើកដំបូង ក្រោម​ដៃ វិសាខា នោះ នឹង​ត្រូវ​ជួប​ក្រុម​​គិរីវង់សុខសែនជ័យ ដែល​ពួកគេ ធ្លាប់បានឈ្នះ ៣-១ និង ៤-១ នាការ​ប្រកួតទាំង​២​ដំណាក់កាល កន្លងមកនេះ៕