លោក Antonio Conte បានទទួលស្គាល់ថា ឱកាសរបស់ក្រុមតោខៀវ Chelsea ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League អាចនឹងអាស្រ័យទៅលើការផ្តួលក្រុម Tottenham នាការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ។ ក្រុម Chelsea ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយមាន ៥ពិន្ទុតាមពីក្រោយក្រុម Spurs ខណៈដែលនៅសល់ការប្រកួត ៨លើកទៀត សង្ឃឹមថា នឹងបន្តកំណត់ត្រាដ៏ល្អរបស់ខ្លួនលើក្រុមភ្ញៀវមួយនេះ នាកីឡដ្ឋាន Stamford Bridge។

ក្រុម Tottenham មិនធ្លាប់បានឈ្នះនៅលើទឹកដីក្រុម Chelsea សោះ ក្នុងរយៈពេល ២៨ឆ្នាំមកនេះ។ លោក Conte មិនច្បាស់ថា តើអ្នកចាំទី Thibaut Courtois និងខ្សែការពារ Andreas Christensen ដែលបានដកខ្លួនចេញពីការតព្វកិច្ចជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងដាណឺម៉ាក រៀងៗខ្លួន នឹងចូលលេងបាន ឬយ៉ាងណាឡើយ ក្រោយពីបានរងរបួសសរសៃពួរគន្លាក់ជើង និងក្រលៀន។ អ្នកចាត់ការទូទៅរបស់ក្រុម Chelsea រូបនេះបានឲ្យដឹងថា៖ «នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់យើង។ គោលដៅរបស់យើងសម្រាប់ការបញ្ចប់រដូវកាលនេះ គឺការឈ្នះកៅអីមួយក្នុងក្របខ័ណ្ឌ Champions League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup។ ប្រសិនបើឈ្នះនៅថ្ងៃអាទិត្យនេះ យើងនឹងខិតកាន់តែកៀកក្រុម Tottenham។ ប៉ុន្តែ វាពិតជាលំបាកក្នុងការដណ្តើមយកកៅអីមួយក្នុង Champions League»។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «យើងកំពុងតែនិយាយពីក្រុមដ៏អស្ចារ្យមួយ ដែលមានអ្នកចាត់ការទូទៅដ៏ឆ្នើមម្នាក់ និងក្រុមមួយដែលមានកីឡាករប្រកបដោយទេពកោសល្យជាច្រើន។ ខ្ញុំមិនហ៊ានមើលស្រាលទៅលើ Tottenham ឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានអភិវឌ្ឍយ៉ាងខ្លាំង។ បច្ចុប្បន្ន ពួកគេជាក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតនៅអង់គ្លេស។ ប៉ុន្តែ គ្មានអ្វីដែលមិនអាចទៅរួចឡើយ»៕

ប្រភព៖ The Guardian