ក្រុមកីឡាករលេងសាច់ដុំរបស់កម្ពុជា ដែលគេស្គាល់ថា ជាប្រភេទកីឡាកាយវប្បកម្មនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ ខណៈពួកគេបានឈ្នះទាំងមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធ ពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ុងហ្គោលីនោះ។

សម្រាប់ការប្រកួតជើងឯកពិភពលោក ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២ ខែតុលា ហើយត្រូវបញ្ចប់នៅថ្ងៃចន្ទនេះ កីឡាករ សំបូរ ណាន បានឈ្នះមេដាយមាស ក្នុងកម្ពស់១,៧៥ម៉ែត្រ រីឯ តឹក ប៊ុនវី បានឈ្នះមេដាយប្រាក់ក្នុងកម្ពស់១,៧៥ម៉ែត្រ ដូចគ្នា ហើយកីឡាករ ណុំ សុបិន្ត បានឈ្នះមេដាយសំរឹទ្ធ ក្នុងកម្ពស់១,៦៥ម៉ែត្រ។

ការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក លើកនេះ បានធ្វើឲ្យពិភពលោកបានមើលឃើញ កាន់តែច្បាស់ពីភាពរីកចម្រើននៃប្រភេទកីឡាកាយវប្បកម្ម នៅកម្ពុជា ហើយជ័យជម្នះដ៏ធំនេះក៏នឹងជួយឲ្យប្រភេទកីឡាលេងសាច់ដុំមួយនេះ ទទួលបានការពេញនិយមកាន់តែខ្លាំងនៅកម្ពុជា ផងដែរ៕