អត្តពលិកជាយុវជនផ្នែកកីឡាចំបាប់ចំនួន ១០នាក់ បានឆ្លងផុតការប្រកួតធ្វើតេស្តជម្រុះក្នុងដំណាក់កាលទី១ យ៉ាងជោគជ័យ កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីត្រៀមទៅចូលរួមការប្រកួតយុវជនអូឡាំពិក នៅប្រទសអាហ្សង់ទីន ក្នុងឆ្នាំ២០១៨។

សម្រាប់ការប្រកួតធ្វើតេស្ត ទៅលើអត្តពលិកចំនួន ៣០នាក់ មកពីខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នៅក្នុងសាលដំបូងទូកនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធនោះ កីឡាករ ធា វាសនា, ចាប សុខលី, ច្រាយ ប្រុស, ថាច សុជាតិ កីឡាការិនី វថ្ថា លក្ខិណា, យ៉ុន ដាណេ, អាងស៊ីថូ, ជា កញ្ញា, ម៉េង សេរីរចនា និង លឹម សុខលាង សុទ្ធតែបានជាប់ក្នុងការធ្វើតេស្តដំណាក់កាលទី១ នេះ។

យ៉ាងណាក៏ដោយកីឡាករ កីឡាការិនីទាំង ១០នាក់ នឹងត្រូវប្រកួតធ្វើតេស្តក្នុងដំណាក់កាលទី២ ម្តងទៀត ទៅតាមគោលការណ៍កំណត់របស់គណៈកម្មាធិការជាតិអូឡាំពិក(IOC)តាមរយៈ NOCC ដើម្បីយកអ្នកមានសមត្ថភាពពិតប្រាកដត្រឹម ២នាក់ប៉ុណ្ណោះ ទៅចូលរួមការប្រកួតយុវជនអូឡាំពិក ឆ្នាំ២០១៨។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បាននិយាយថា៖ «អ្នកជាប់តេស្តទាំង ១០នាក់នេះ នឹងត្រូវដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលរបស់យើង ចំនួន ៣ខែ ត្រៀមការប្រកួតធ្វើតេស្តដំណាក់កាលទី២ ទៅតាមការកំណត់របស់ IOC ដើម្បីយកអ្នកមានសមត្ថភាពត្រឹម ២នាក់ប៉ុណ្ណោះ សម្រាប់ដាក់ឲ្យទៅចូលរួមការប្រកួតយុវជនអូឡាំពិក នៅឆ្នាំ២០១៨»៕