ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ កែវ សុខផេង របស់ក្លិបភ្នំពេញក្រោន បានបង្ហោះសារមួយឃ្លា នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានបង្ហាញពីការមិនពេញចិត្តទៅលើសមាជិកមួយចំនួន នៅក្នុងក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីក្រុមដ៏កម្សត់មួយនេះ បានបន្តចាញ់ក្រុមជម្រើសជាតិវៀតណាម ៥-០ ក្នុងការប្រកួតជម្រុះជើងទី២ ប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup 2019 នៅទីក្រុងហាណូយ កាលពីយប់ថ្ងៃអង្គារ។

ខ្សែប្រយុទ្ធវ័យក្មេង មានល្បឿនលឿន កែវ សុខផេង បានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន នៅពេលរូបគេបានធ្វើដំណើកមកដល់កម្ពុជាវិញ កាលពីព្រឹកថ្ងៃពុធនេះថា៖ «លេង១០ឆ្នាំទៀត ក៏នៅតែមិនឈ្នះអាណាដែរ បើនៅតែ…ហួសចិត្តនៅពេលដឹង អ្នកខំនៅតែខំ»

ជាមួយការបង្ហោះសារបែបបង្កប់ន័យនេះ វាបានបង្ហាញឲ្យឃើញពីការមិនចុះសម្រុងគ្នាមួយចំនួន នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ទាក់ទងទៅនឹងការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម លើកនេះ ព្រោះពាក្យចុងក្រោយដែល សុខផេង បានសរសេរគឺ«អ្នកខំនៅតែខំ» បានបង្ហាញពីការមិនពេញចិត្តទៅលើការលេងរបស់សមាជិកក្នុងក្រុមកម្ពុជា ដែលមានការប្រឹងប្រែងមិនស្មើគ្នា គឺអ្នកខំប្រឹងលេងនៅតែខំប្រឹង ឯអ្នកមិនខំប្រឹង នៅតែមិនផ្តោតខ្លាំងលើការប្រកួត នាំមានចន្លោះប្រហោងសម្រាប់គូប្រកួត។

ជាមួយលទ្ធផលចាញ់ក្រុមវៀតណាម ៥-០ របស់ក្រុមកម្ពុជា នៅក្រៅទឹកដី បន្ថែមទៅលើការចាញ់ ២-១ នាការប្រកួតនៅលើទឹកដីខ្លួនឯង ក្នុងជើងទី១នោះ ក៏បានធ្វើឲ្យគ្រូបង្វឹកក្នុងស្រុកមួយចំនួន បានបញ្ចេញប្រតិកម្មរិះគន់ទៅដល់ការដឹកនាំរបស់គ្រូបង្គោលជនជាតិ ប្រេស៊ីលលោក Leonardo Vitorino ផងដែរ ព្រោះក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ គឺក្រុមកម្ពុជា បានទទួលការបរាជ័យជាប់ៗគ្នា ក្នុងការប្រកួតផ្លូវការ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ បាក់ទឹកចិត្ត ស្ទើរតែលែងចង់ខ្វល់ពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទៅហើយ៕