(ក្រុងហ្សូជី)៖ អត្តពលិកជម្រើសជាតិរុស្ស៊ី ៦នាក់បន្ថែមទៀតបានជាប់បម្រាបអស់១ជីវិតរបស់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) ក្រោយរកឃើញបានលួចប្រើសារធាតុប៉ូវកម្លាំងកាលពីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវកាលរងារ ឆ្នាំ២០១៤ នៅទីក្រុង Sochi។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះថា កីឡាករ-កីឡាការិនីទាំង ៦រូបនោះ គឺអត្តពលិកជម្រើសជាតិដែលលេងកីឡាស្គីទឹកកក ដែលបានឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅ Sochi កាលពី៣ឆ្នាំមុនរួមមាន Inna Dyubanok, Ekaterina Lebedeva, Yekaterina Pashkevich, Anna Shibanova, Yekaterin Smolentseva និង Galina Shiba។

បន្ថែម ៦នាក់ខាងលើទៀត IOC បានរកឃើញអត្តពលិករុស្ស៊ី ៣១នាក់ហើយដែលបានប្រព្រឹត្តផ្ទុយពីបទបញ្ញតិ្តប្រកួត នៅ Sochi Games 2014 ដោយភ្នាក់ងារស៊ើបអង្កេត WADA។

ថ្មីៗកន្លងទៅនេះដែរ IOC ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញដាក់បម្រាមអត្តពលិករុស្ស៊ីទាំងអស់មិនឲ្យចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូងផងដែរ ក្រោយរកឃើញ អត្តពលិកនៃប្រទេសមហាអំណាចសព្វាវុធមួយនេះលួចប្រើសារធាតុលើកកម្លាំងជាបន្តបន្ទាប់មកនោះ តែអត្តពលិកមួយ ចំនួនអាចចូលរួមប្រកួតបាន ក្រោមទង់ជាតិរបស់ IOC តែប៉ុណ្ណោះ៕