ខ្សែបម្រើកណ្តាល ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំង ច្រឹង ពលរដ្ឋ បានសម្រេចចិត្តបង្ហោះសារ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន បញ្ជាក់ពីភាពស្អាតស្អំ ដើម្បីឆ្លើយតបទៅនឹងការរិះគន់មួយចំនួន បន្ទាប់ពីរូបគេត្រូវបានគ្រូបង្គោលលោក Leonardo Vitorino ដកឈ្មោះចេញពីក្រុមជម្រើសជាតិកម្ពុជា ក្រោយបានបង្ហាញទម្រង់លេងធ្លាក់ចុះ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កន្លងមកនេះ។

ច្រឹង ពលរដ្ឋ បានសរសេរនៅក្នុងសារនោះថា៖«ទោះខ្ញុំក្រ ក៏ខ្ញុំមិនបានលក់ឧត្តមគតិខ្លួនឯង ដើម្បីលុយដែល ការយល់ឃើញរបស់មនុស្សគ្រប់រូបមិនដូចគ្នាទេ។ អ្នកអាចស្គាល់ខ្ញុំតែឈ្មោះ តែអ្នកមិនធ្លាប់ស្គាល់ខ្សែជីវិតខ្ញុំឡើយ គ្រប់គ្នាវាយតម្លៃខ្ញុំត្រឹមសម្រកក្រៅ តែមិនអាចវាយតម្លៃទឹកចិត្តខ្ញុំចំពោះជាតិខ្ញុំនោះទេ»។

កីឡាកររបស់ក្លិបក្រសួងការពារជាតិ រូបនេះបានបន្តថា៖«ខ្ញុំព្យាយាមជម្នះគ្រប់ឧបសគ្គ ដោយភាពអត់ធ្មត់របស់ខ្ញុំ ព្រោះក្នុងនាមជាកីឡាករបាល់ទាត់តូវមានស្មារតីរឹងមាំ សុឆន្ទៈ ភាពអត់ធ្មត់តស៊ូ ទំនុកចិត្ត ភាពជឿជាក់ និងមានម្ចាស់ការលើខ្លួនឯង។ ស៊ូហត់លំបាកកាយក្នុងការហ្វឹកហាត់ ទោះវាមានការឈឺចាប់ពេលមានរបួស ក្តីក៏មិនអីដែរគឺខ្ញុំអាចបន្តទៅបាន ប៉ុន្តែប្រសិនបើការងារធ្វើឲ្យអស់កម្លាំង ថែមទាំងហត់ចិត្តទៀត នេះហើយជាការឈឺចាប់ ដែលពិបាកក្នុងការទ្រាំ។ អរគុណដល់កម្ពុជា អរគុណគ្រប់យ៉ាង ដែលបានឆ្លងកាត់ជាមួយគ្នា អរគុណសម្រាប់គ្រប់យ៉ាងថ្ងៃនេះ អរគុណសម្រាប់ការចងចាំ ការលះបង់នឹងភាពឈឺចាប់»៕