ខ្សែ​បម្រើ​កណ្តាល ដែល​ធ្លាប់​ជា​អ្នក​នាំ​លេង​យ៉ាងសំខាន់ម្នាក់ នៅ​ក្នុ​ង​ក្រុមជ​ម្រើសជាតិ ច្រឹង ពលរដ្ឋ បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ថា រូបគេ នឹង​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បាន​ល្អបំផុត សម្រាប់ការ​ទទួលបាន​ឱកាស​ដ៏ពិសេស ក្នុង​ការ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា ជាថ្មី នាពេល​នេះ។

ច្រឹង ពលរដ្ឋ បាន​ក្លាយ​ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​កីឡាករ​ទាំង​៧នាក់ របស់​ក្លិប​វិសាខា ដែល​ត្រូវបាន​អ្នក​ចាត់ការទូទៅ លោក Keisuke Honda និង​ក្រុមគ្រូ​បង្វឹក​ជម្រើសជាតិ សម្រេច​​ជ្រើស​រើស​ឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា ទាំង​៣៦​នាក់ សម្រាប់​ត្រៀម​ការ​ប្រកួតវគ្គ​ Play off នៃ​ពានរង្វាន់ AFC ASIAN Cup China 2023 និង​ការ​ជម្រុះពាន​រង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 ដែល​នឹង​ចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នៅ​ប្រទេសបារ៉ែន និងជប៉ុន។

ការ​ទទួលបានឱកាស​ដ៏ពិសេស​នេះ ​វាបាន​លុប​បំផុត​ចោល នៅ​ភាព​ហ្មងសៅ ដែល ច្រឹង ពលរដ្ឋ ធ្លាប់បាន​ទទួល កាលពី​ឆ្នាំ​២០១៧ គឺ​នៅពេល​អតីត​គ្រូ​បង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ប្រកាស​លុប​ឈ្មោះ ច្រឹង ពលរដ្ឋ ចេញ​ពី​ក្រុមជម្រើសជាតិ​កម្ពុជា ជាមួយ សំអឿន ពិដោរ ក្នុង​អំឡុងការ​​ប្រកួត​ស៊ីហ្គេម ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ឆ្នាំ ​២០១៧ នោះ។

នៅ​ក្រោយ​ជួប​ហេតុការណ៍​អាក្រក់​នោះ ប្រជាប្រិយ​របស់ ច្រឹង ពលរដ្ឋ បាន​ធ្លាក់​ចុះ ហើយ​ទម្រង់​លេង​ដែល​ធ្លាប់​លេចធ្លោរ​របស់គេ ក៏​បាន​ធ្លាក់ចុះ ខណៈ​ឱកាស​ ក្នុង​ការ​​ផ្ទេរ​ទៅ​លេង នៅលីគកំពូល​របស់ថៃ ក៏​ត្រូវបាន​ខក​ខាន ផងដែរ។ តែ​ទោះបីជា​យ៉ាង អតីត​កីឡាករ​របស់​ក្រុម​ក្រសួងការពារ​ជាតិ​រូបនេះ ចាប់​ផ្តើម​បាន​បង្ហាញ​ទម្រង់លេង បាន​ល្អ​វិញ នៅ​ឆ្នាំ​២០២១​នេះ បន្ទាបិពី​រូបគេ បានជាប់​ នៅក្នុងជម្រើស១១​នាក់ របស់​ក្រុម​វិសាខា បាន​ញឹកញាប់ និង​​រក​បាន​គ្រាប់បាល់ ផងដែរ ហើយ​នេះជា​មូល​ហេតុ ដែល​ធ្វើ​ឱ្យ​រូបគេ ទទួល​បានទំនុក​ចិត្ត​ជា​ថ្មី សម្រាប់ការ​បោះ​ជំហាន មក​ចូល​រួមជាមួយ​​ក្រុមជម្រើសជាតិ​កម្ពុជា។

ជាមួយ​ការ​ទទួលបានឱកាស​ដ៏ពិសេស ជាថ្មី​ម្តង​ទៀត​នេះ ច្រឹង ពលរដ្ឋ បាន​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​​របស់​ខ្លួន កាលពី​ម្សិល​មិញ​ថា៖ ​«​ខ្ញុំ​ពិត​ជាសប្បាយចិត្ត នៃ​ការ​ត្រឡប់​មក​វិញ និងពាក់អាវជម្រើស​ជាតិកម្ពុជាម្តងទៀត  ខ្ញុំប្តេជ្ញាធ្វើ​ឱ្យ​បានល្អបំផុត។​ សូម​អរគុណ សម្រាប់​ការ​ស្រឡាញ់ និងការគាំទ្រ! នេះជាការដូរ សម្រាប់​អ្នកទាំងអស់គ្នា»៕