អ្នកប្រដាល់កំពុងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ធឿន ធារ៉ា ថា ជើងខ្លាំងរបស់ថៃដែលនឹងត្រូវប៉ះគ្នានៅប៉ុស្តិ៍លេខ៨ខាងមុខនេះ គេពូកែប្រើជង្គង់ក្រៅពីនោះក្បាច់ផ្សេងៗមិនជាខ្លាំងណាស់ណាទេ។
ធឿន ធារ៉ា បានឲ្យដឹងថា បើនិយាយពីសមត្ថភាពកីឡាករថៃ Namkabuan Kiatnavy ម្នាក់នេះជាជើងខ្លាំងមួយរូប និងឧស្សាហ៍ឡើងវ៉ៃកម្មវិធីខ្សែក្រវាត់របស់ប៉ុស្តិ៍លេខ៨ថៃ ចំពោះក្បាច់ប្រយុទ្ធវិញគឺពូកែប្រើជង្គង់ និងទាត់ក្រោម ក្រៅពីនោះស្នៀតផ្សេងៗមិនជាប៉ុន្មាននោះទេ។ ជង្គង់របស់គេចាក់ស្រួចល្អណាស់ហើយធ្ងន់តែម្ដង ចំណុចហើយដែលអ្នកប្រដាល់របស់កម្ពុជាខាងលើត្រូវប្រុងប្រយ័ត្ន។
អ្នកប្រដាល់ដើមកំណើតមកពីព្រៃវែងបន្តថា បានហ្វឹកហាត់ត្រៀមការប្រកួតរួចរាល់ហើយ មិនថាការហូបចុក ស្នាក់នៅនោះទេ ប៉ុន្តែក៏សង្ឃឹមត្រឹម ៥០% សិន ព្រោះប៉ះជើងខ្លាំងហើយណាមួយគេក៏ល្អដែរ ប៉ុន្តែនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។ Namkabuan Kiatnavy មានចំណុចខ្លាំងដូចខាងលើក្ដី តែម្ចាស់មេដាយមាសថ្នាក់ជាតិរូបនេះដឹងថាត្រូវវ៉ៃយ៉ាងណាហើយសម្រាប់ការប្រកួតថ្ងៃនោះ។
អ្នកលេងគុនខ្មែរបន្ថែមថា ក៏សូមអរគុណអ្នកនិយមប្រដាល់ទាំងអស់ដែលតែងតែគាំទ្ររាល់ការប្រកួតរបស់ខ្លួនទាំងនៅកម្ពុជា និងនៅថៃ ហើយជាពិសេសនោះប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅឯប្រទេសថៃទាំងអស់ដែលកន្លងមកចូលទៅគាំទ្រផ្ទាល់នៅសង្វៀននោះតែម្ដង។
ធឿន ធារ៉ា ជាជើងខ្លាំងវ័យក្មេងទម្ងន់ធ្ងន់របស់កម្ពុជា រូបគេទើបតែលេចមុខនិងល្បីរយៈប៉ុន្មានខែចុងក្រោយនេះ ហើយរឹតតែរុញកេរ្តិ៍ឈ្មោះខ្លាំងជាងនេះគឺបន្ទាប់ពីឈ្នះមេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ថ្មីៗ និងផ្ដួល អ៊ុំ ចំរើន ឲ្យសន្លប់ ថែមទាំងឈ្នះរៀមច្បង រឿង សុភ័ណ្ឌ ផងដែរ។ អ្នកប្រដាល់របស់កម្ពុជារូបនេះ នឹងត្រូវប៉ះថៃ Namkabuan Kiatnavy ថ្ងៃទី៣១ ធ្នូ ២០១៧នេះ ជាគូឯកប៉ុស្តិ៍លេខ៨ តែម្ដង៕
Via: Sabay
ធឿន ធារ៉ា ប្រាប់ពីសមត្ថភាពខ្លះៗដៃគូត្រូវប៉ះគ្នាថ្ងៃឆ្លងឆ្នាំខាងមុខនេះនៅថៃ
អត្ថបទទាក់ទង