អត្តពលិកជាយុវនផ្នែកកីឡាចំបាប់ប្រមាណ៣០នាក់ មកពីខេត្តកណ្តាល ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តតាកែវ នឹងត្រូវប្រកួតធ្វើតេស្ត នៅក្នុងសាលហាត់ចំបាប់ ក្នុងពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃពុធនេះ ដើម្បីសម្រិតសម្រាំងរកអ្នកមានសមត្ថភាពត្រៀមទៅចូលរួមការប្រកួតយុវជនអូឡាំពិក នៅប្រទសអាហ្សង់ទីន ឆ្នាំ២០១៨។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់កាលពីម្សិលមិញថា៖«អត្តពលិកជាយុវជនជាង៣០នាក់ នឹងត្រូវប្រកួតធ្វើតេស្តនេះ ដែលចាប់ផ្តើមនៅរសៀលម៉ោង២ ថ្ងៃពុធ គឺធ្វើត្រឹមរយៈពេលជាង១ម៉ោងទេ ហើយការធ្វើតេស្តក្នុងដំណាក់កាលទី១នេះ គឺយើងនឹងជ្រើសរើសអ្នកមានសមត្ថភាពចំនួន១០នាក់»។

លោកបានបន្ថែមថា៖«អ្នកទាំង១០ ដែលបានជាប់នៅក្នុងការធ្វើតេស្ត ក្នុងដំណាក់កាលទី១នេះ នឹងត្រូវដាក់ឲ្យចូលរួមហ្វឹកហាត់ជាក្រុមយុវជនថ្នាល ប្រមាណ១៥នាក់ទៀត ដើម្បីត្រៀមការប្រកួតដំណាក់កាលទី២ តាមការកំណត់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(OIC) តាមរយៈ NOCC ដើម្បីយកតែ២នាក់ទៀត សម្រាប់ត្រៀមទៅចូលរួមការប្រកួតយុវជនអូឡាំពិក ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន»៕