ក្រុមអត្តពលិកជម្រើសជាតិកីឡាចំបាប់កម្ពុជា អាយុក្រោម១៥ឆ្នាំ និងអាយុក្រោម២០ឆ្នាំ សរុបចំនួន៨នាក់ ដែលត្រូវបានបញ្ជូនឱ្យទៅចូលរួមការប្រកួតកីឡាចំបាប់U20 និង U15 និងជើងឯកចំបាប់ឆ្នេរ ឆ្នាំ២០២២ នៅប្រទេសថៃនោះ បានបញ្ចប់ការប្រកួតប្រជែងរបស់ពួកគេ ជាមួយការដណ្តើមបានលទ្ធផលដ៏ល្អបំផុត។
តាមរយៈការប្រកួត ដែលត្រូវបានធ្វើឡើង នៅខេត្ត Uttaradit ប្រទេសថៃ ចាប់តាំងពីថ្ងៃទី១១ ហើយបានបញ្ចប់ កាលពីថ្ងៃទី១៦ ខែមិថុនានេះ ក្រុមចំបាប់កម្ពុជា បានឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១ ដែលមានន័យថា នៅក្នុងចំណោមបេក្ខភាពទាំង៨នាក់ ដែលត្រូវបានបញ្ជូនឱ្យទៅប្រកួតនេះ គឺមានតែកីឡាករ ឆុំ សុខខៃ ម្នាក់ទេ ដែលដណ្តើមមិនបានមេដាយ នៅក្នុងការប្រកួតចំបាប់សេរី ទម្ងន់៤៨គីឡូក្រាម ខណៈអត្តពលិកកម្ពុជា ៧នាក់ទៀត សុទ្ធតែឈ្នះបានមេដាយទាំងអស់។
បើទោះបីជាការប្រកួតនេះ មានត្រឹម៣ប្រទេសចូលរួម ប៉ុន្តែលោក Casey Barnett ជាអ្នកដឹកនាំក្រុមចំបាប់កម្ពុជា ហើយដោយមានលោក ចាប លឿន ជាគ្រូបង្វឹក និង កាង ណុចបវរ ជា Sport Director ជាអ្នកគ្រប់គ្រងផ្ទាល់នោះ បានអះអាងថា ព្រឹត្តិការណ៍នេះ មានការប្រកួតប្រជែងគ្នាខ្លាំង ព្រោះថៃជាម្ចាស់ផ្ទះ បានដាក់ក្លិបចំបាប់របស់ខ្លួន ចំនួន៣០ ឱ្យចូលរួមប្រកួតប្រជែងជាមួយក្រុមអត្តពលិកកម្ពុជា និងសិង្ហបុរី។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett ដែលជាអ្នកឧបត្ថម្ភទាំងស្រុក សម្រាប់ការចេញទៅប្រកួតនៅថៃនេះ បានថ្លែងថា៖ «វាពិតជាមានសារសំខាន់ណាស់ សម្រាប់ការប្រកួតនេះ ព្រោះមានគូប្រកួតប្រជែងជាច្រើន ក្នុងប្រភេទទម្ងន់នីមួយៗ ដោយប្រភេទទម្ងន់ខ្លះ មានដល់ទៅ១២នាក់»។
នាយកវិទ្យាស្ថានខេមអេដ លោក Casey បានបន្ថែមថា៖ «ដូច្នេះអ្នកចំបាប់របស់យើងត្រូវប្រឹងប្រែង ដើម្បីសម្រេចបានជ័យជម្នះរបស់ពួកគេ ហើយនេះជាមធ្យោបាយដ៏ល្អមួយ សម្រាប់យើងក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបទពិសោធរបស់ពួកគេ ក្នុងការឈានទៅស៊ីហ្គេម នៅឆ្នាំ២០២៣»។
តាមរយៈការប្រកួតកីឡាចំបាប់U20 និង U15 និងជើងឯកចំបាប់ឆ្នេរ ឆ្នាំ២០២២នេះ ក្រុមចំបាប់កម្ពុជាអាយុក្រោម២០ឆ្នាំ បានឈ្នះមេដាយមាយមាស២ ដែលដណ្តើមបាន ដោយកីឡាករ ចាប សុខលី ក្នុងទម្ងន់៦៥គីឡូក្រាម និងកីឡាករ អុល សៅហេង ក្នុងទម្ងន់៧៤គីឡូក្រាម។
បន្ថែមលើនេះ ក្រុមអាយុក្រោម២០ឆ្នាំ នេះ ក៏ឈ្នះបានមេដាយប្រាក់ចំនួន៣ទៀត ផងដែរ គឺកីឡាការិនី សម្បត្តិ វណ្ណៈ ប្រកួតក្នុងទម្ងន់៥៥គីឡូក្រាម កីឡាការិនី ស៊ឹម គាថា ក្នុងទម្ងន់៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន ដែលឈ្នះមេដាយប្រាក់ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
ចំណែកក្រុមចំបាប់កម្ពុជាអាយុក្រោម១៥ឆ្នាំ ដែលមានចំនួន៣នាក់នោះ ដណ្តើមបានមេដាយមាស១ រកបានដោយកីឡាករ ស៊ីម ប្រសើរ ក្នុងទម្ងន់៤១គីឡូក្រាម និងមេដាយសំរឹទ្ធ១ ដែលដណ្តើមបានដោយរបស់កីឡាករ លឿន ចាន់មុន្នី ក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម ប៉ុន្តែកីឡាករ ឆុំ សុខខៃ មិនដណ្តើមបានមេដាយទេ៕