សហព័ន្ធកីឡាសីដក់កម្ពុជា គ្រោងនឹងពង្រីកការប្រកួតកីឡាសីដក់ដណ្តើមពានរង្វាន់សហព័ន្ធ ឲ្យកាន់តែធំ ខណៈការរៀបចំជាលើកទី១ ឆ្នាំ២០១៧ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ មានអត្តពលិកចូលរួមត្រឹម៦០នាក់ និងមានការប្រកួតត្រឹម២វិញ្ញាសានោះ។

<

លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីដក់កម្ពុជា បានប្រាប់ថា៖ «សម្រាប់ការប្រកួតកីឡាសីដក់ពានរង្វាន់សហព័ន្ធ ជាលើកទី១នេះ យើងដាក់ឲ្យមានការប្រកួតតែ២វិញ្ញាសាទេ គឺការប្រកួតជាក្រុមបុរស ដែលមាន៨ក្លិបចូលរួម និងប្រកួតជាក្រុមនារី ដែលមាន៤ក្លិបចូលរួម ព្រោះនេះជាការចាប់ផ្តើម ហើយទីលានដែលប្រកួតលើកនេះ ក៏តូចចង្អៀតផងដែរ»។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា៖ «បើទោះបីជាការប្រកួតលើកដំបូងនេះ មិនសូវជាធំ ប៉ុន្តែយើងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ អ៊ីចឹងហើយលោកប្រធានសហព័ន្ធ បានថ្លែងថា នៅឆ្នាំក្រោយ សហព័ន្ធ នឹងនាំយកការប្រកួតនេះ ទៅធ្វើនៅពហុកីឡដ្ឋានជាតិវិញម្តង ដែលមានទីធ្លាធំ និងអាចស្រួល ក្នុងការរៀបចំ ហើយការប្រកួតនោះ ក៏នឹងអាចមានទ្រង់ទ្រាយធំជាងលើកនេះ ផងដែរ»។

សម្រាប់ការប្រកួតកីឡាសីដក់ដណ្តើមពានរង្វាន់សហព័ន្ធ លើកទី១នេះ គឺធ្វើនៅលើទីលានសួរច្បារច្រមុះជ្រូកត្រើយម្ចាង ក្បែរសណ្ឋាគារសុខា ហើយតាមរយៈការប្រកួតចំនួន៥ថ្ងៃនេះ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែតុលា ហើយបានបញ្ចប់កាលពីល្ងាចថ្ងៃពុធនោះ គឺក្រុមកីឡាកររបស់ក្រសួងការពារជាតិ បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីពួកគេបានបន្តយកឈ្នះក្រុមស្ថាបនាPLCចំនួន២សិតដាច់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ឯលេខ៣បានទៅក្រុមDN និងលេខ៤ក្រុមខេត្តព្រៃវែង។

ចំណែកការប្រកួតជាក្រុមនារី ដែលតម្រូវឲ្យប្រកួតវិលជុំ រួចប្រកួតស្វែង(ក្រុមលេខ១ជាមួយលេខ៤ និងលេខ២ជាមួយក្រុមលេខ៣) រកក្រុមឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះ ក្រុមព្រះខ័នរាជ បានបន្តយកឈ្នះក្រុមអូឡាំពិក នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ឯលេខ៣បានទៅក្រុមយុវជនខេមរា និងលេខ៤បានទៅក្រុមអង្គការមិត្តសំឡាញ់។

ចំពោះប្រាក់រង្វាន់ ដែលទទួលបានក្នុងការប្រកួតនេះគឺកីឡាករ កីឡាករ ដែលទទួលបានលេខ១ គឺម្នាក់ៗ(៧នាក់)បាន៨ម៉ឺនរៀល លេខ២បានម្នាក់៦ម៉ឺនរៀល លេខ៣បានម្នាក់៤ម៉ឺនរៀល និងលេខ៤បានម្នាក់២ម៉ឺនរៀល៕