សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា (FFC) កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បង្ហោះសារ​សុំទោស ទៅ​ដល់​អ្នកគាំទ្រ ដែលបាន​ចូល​រួម​ទស្សនា​ផ្ទាល់ នៅ​ក្នុងការ​ប្រកួតបើក​ឆាក​ពាន​រង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតតេជោ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ។

ការប្រកាស​សុំទោសជា​ធារណៈនេះ គឺ​ដើម្បីឆ្លើយតប​ទៅនឹងការរិះគន់បែបស្ថាបនា​របស់​អ្នកគាំ​ទ្រ​ភាគ​ច្រើន ដែលបានរអ៊ូរទាំ ទាំងទៅ​លើការ​រកកន្លែងអង្គរ​ ទៅតាមប្រភេទ​ និង​វិធានសុខាភិបាល ជាពិសេស​គឺ​កន្លែង​​ដាក់​យានជំនិះ ព្រោះ​​មានការ​លើកឡើង​ថា គ្រាន់តែ​រង់ចាំ​ការ​យកយានចេញពីកន្លែង​ផ្ញើ ត្រូវ​ចំណាយ​ពេលពី​១ ទៅជាង​២ម៉ោង។

អ្នកថតរូបជើងចាស់ លោក គឹម សុវណ្ណា ​បាន​បង្ហោះ​រូបភាព៣​សន្លឹក បង្ហាញពី​​អ្នក​ទស្សនា នៅក្នុងពហុកីឡដ្ឋាន​ថ្មី និងទិដ្ឋភាព​ពេលអ្នកទស្សនា​ទាំង​នោះ កកស្ទះ​នៅ​កន្លែង​ផ្ញើ​យានជំនិះ ហើយបានសរសេរថា៖​ «​សង្ឃឹម​ថា ប្រកួត​ក្រោយ​ ខាង​ពហុកីឡ​ដ្ឋាន​ និង​មាន​វិធាន​ការ​ថ្មី សម្រាប់​ចាត់ចែងលើយានជំនិះ!​និយាយ​ឱ្យ​ត្រង់​ ក្រោយ​ការ​ប្រកួត​ចប់ ខ្ញុំ​ត្រូវ​រង់ចាំ ២ម៉ោងកន្លះ ដើម្បីយកម៉ូតូចេញបាន!»។

យ៉ាងណាក៏​ដោយ ចំពោះចំណុចខ្វះ​ខាត​ទាំង​នោះ FFC បានធ្វើការ​សុំទោស  ដោយ​បាន​សរសេរ​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ថា៖​ «ក្រុម​ការងារ​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា សុំ​អភ័យ​ទោស សម្រាប់​ការ​ខ្វះខាត ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ AFF U23 Championship 2022 នៅ​ពហុកីឡ​ដ្ឋានមរតកតេជោ។ នេះជាលើកទី ១​សម្រាប់​ក្រុម​ការងារ​របស់​យើង​នៅ​ពហុ​កីឡ​ដ្ឋាន​ដ៏​ធំ​នេះ»។

FFC បានបន្ថែម​ថា៖​ «ផ្អែក​លើ​បទ​ពិសោធ​នៃ​ថ្ងៃ​ដំបូង​ ក្រុម​ការងារ​បាន​កំណត់​ចំណុច​ខ្វះខាត និង​ដាក់​ជា​ផែនការ​ថ្មី ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ឱ្យ​មាន​ភាព​រលូន​ជាង​ថ្ងៃ​ដំបូង ដែល​យើង​បាន​ឆ្លង​កាត់​សម្រាប់​បង​ប្អូន អាច​ចូល​រួម​ជាមួយ​នឹង​ភាព​ងាយ​ស្រួល នៅ​ខាង​ក្នុង ទី​1 កន្លែងចតរថយន្ត​និងម៉ូតូ ទី​២ វិធានការសុខាភិបាល និងទី​៣ ការ​ណែនាំ​និង​លំហូរ​ចូល​តំបន់​អង្គុយ។ សូមអរគុណ ចំពោះ​ការ​យោគ​យល់​របស់​បង​ប្អូន​យើង!»៕