កីឡាករ​​ថៃ រិទ្ធី របស់​កម្ពុជា បាន​​កត់ត្រា​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុងការ​ប្រកួត​ជា​លើក​ទី​១​របស់​ខ្លួនក្នុង​កម្មវិធី​របស់ ONE Championship ពេល​ប្រកួត​ជាមួយ​កីឡាករ Jerome S Paye សញ្ជាតិ​លី​ប៊ឺ​រី ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​​យុទ្ធ​គុន​ចម្រុះ ONE: Total Victory នៅលើ​សង្វៀន Jakarta Convention Center កាលពី​​យប់ថ្ងៃ​​សៅរ៍​។

ប៉ុន្តែ កីឡាករ​កម្ពុជា​ពីរនាក់ផ្សេង​ទៀត​ដែល​រួមមាន​ស៊ីម ប៊ុនស្រ៊ុន និង​ផាត់ សូ​ដា សុទ្ធ​សឹង​​បាន​រង​បរា​ជ័យ​ដ៏គួរ​ឲ្យ​សោក​ស្តាយ​ដូចគ្នា​ពេល​ប្រកួត​ជា​មួយនឹង​​កីឡាករ​ម្ចាស់​ផ្ទះ Stefer Rahardian និង Adrian Matheis រៀង​ៗខ្លួន​។ ក្នុងការ​ប្រកួត​​​ក្នុង​ទម្ងន់​៦៨,៣​គីឡូក្រាម ថៃ រិទ្ធី បាន​គ្រប់​គ្រង​​លើ​គូ​ប្រកួត​ទាំង​ស្រុង​​ចាប់​តាំងពី​ទឹក​ទី​១ តាមរយៈ​ការ​ប្រើប្រាស់​ស្នៀត​គុន​ខ្មែរ​របស់​ខ្លួន ដើម្បី​គ្រប់គ្រង​ទៅលើ​ដៃគូ ហើយ​បើ​ទោះ​បី S Paye បាន​ប្រើ​ប្រាស់​ស្នៀត​ដើម្បី​ព្យា​​យាមក្លេ​ទៅ​លើ​រិទ្ធី ក៏ដោយ ប៉ុន្តែ កីឡាករ​កម្ពុជា​រូបនេះ​បាន​ដោះ​ខ្លួន និង​គេច​ផុត​យ៉ាងល្អ រហូត​​ដល់​បញ្ចប់​ទឹក​ទី​១​​។

ក្រោយ​ពី​ការ​ប្រកួត​នេះ​បាន​ចាប់​ផ្តើម​ភ្លាម​ៗ​ក្នុង​ទឹក​ទី​២ ទាំង​​កីឡាករ​​ថៃ រិទ្ធី និង​កីឡាករ S Paye បាន​​ចូល​ប្តូរកណ្តាប់​ដៃ​​គ្នា ប៉ុន្តែ ​ការ​​វាយ​ចំគោល​ដៅ​យ៉ាងល្អ​​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឲ្យ​​រិទ្ធី បញ្ចប់​ដៃ​គូ​របស់​ខ្លួន​តិច​ជាង​រយៈពេល​១​នាទីក្នុង​ទឹក​នោះ​តែ​ម្តង​។ ប៉ុន្តែ ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​នា​ថ្ងៃ​ដដែលនោះ​របស់​កីឡាករ​​កម្ពុជា​ពីរ​នាក់​ផ្សេង​ទៀត ផាត់ សូ​ដា និង​ស៊ីម ប៊ុនស្រ៊ុន សុទ្ធ​សឹង​បាន​ជួប​ការ​ខកចិត្ដ​ដូចគ្នា ក្រោយ​ពី​ចាញ់​កីឡាករ Matheis និង Rahardian របស់​ឥណ្ឌូនេស៊ី ដោយ​ស្នៀត​ក្ល​បំពង់​ខ្យល់​ក្នុង​ទឹក​ទី​១​រៀង​ៗខ្លួន៕