អ្នក​ប្រដាល់​វ័យក្មេង អេលីត កែវឡុង បាន​ក្លាយ​ជា​កីឡាករកម្រិត​B ដែល​បាន​ឈ្នះ​ប្រាក់លាន ពី​ការ​ប្រកួតដណ្តើម​ជើង​ឯកម៉ារ៉ាតុង នៅ​លើសង្វៀន PNN មុន​គេ ហើយ​ កែវឡុង ក៏ជា​បេក្ខភាព ដែលនឹង​ទទួល​បាន​ប្រាក់តម្លៃខ្លួនខ្ពស់ សម្រាប់ការ​បង្ហាញ​ខ្លួនក្រោយៗ នៅ​លើ​សង្វៀនមួយ​នេះ​ផងដែរ។

សម្រាប់​ការ​ប្រកួតដណ្តើមជើងឯកម៉ារ៉ាតុង ទម្ងន់​៥៧​គីឡូក្រាម កាល​ពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ អេលីត កែវឡុង បានចាប់​ឆ្នោត​ប៉ះ​កីឡាករ លន់ សៀកឡេង ហើយ​តាម​រយៈការ​ប្រកួតយ៉ាងស្វិតស្វាញ​​ត្រឹម​៣ទឹក​នោះ កែវឡុង បាន​យក​ឈ្នះ សៀកឡេង ដោយពិន្ទុដាច់ ចំណែក ពុទ្ធ ម៉ាណូយ ក៏បាន​ទម្លាក់ រឿង សារិទ្ធ ជាមួយការ​យក​ឈ្នះ​ដោយពិន្ទុ​ដាច់​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​បាន​ធ្វើ​ឡើងក្នុងថ្ងៃតែ​មួយ​នោះ អេលីត កែងឡុង នៅ​តែ​ធ្វើ​បាន​ល្អ ក្នុងការ​យក​ឈ្នះ​លើ ពុទ្ធ ម៉ាណូយ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក ជាមួយ​ប្រាក់រង្វាន់​២,៦​លាន​រៀល ដោយប្រើ​ការប្រកួត​សរុបត្រឹម​៦​ទឹក ចំណែក ពុទ្ធ ម៉ាណូយ បាន​ប្រាក់រង្វាន់ ១,២​លាន​រៀល។

គួរបញ្ជាក់ថា ការ​ប្រកួតដណ្តើម​ជើង​ឯកម៉ារ៉ាតុងនេះ ត្រូវបានប្រកាស ក្នុង​សន្និសីទ​កាសែត​ នៅ​មុនការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នោះ​តែ​ម្តង គឺ​ព្រឹត្តិការណ៍​​នេះ ត្រូវ​បានសម្រេច​ឲ្យ​រៀបចំ​ឡើង ជំនួស​ទៅនឹងការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់មាស អមដោយ​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ ដែលត្រូវ​បាន​រៀបចំ​​ឡើង​២រដូវកាល​កន្លង​មក។

ការ​ផ្លាស់ប្តូររូប​មន្តប្រកួត​ពី​ការ​ដណ្តើម​ខ្សែ​ក្រវាត់មាស មកជាការ​ប្រកួតដណ្តើម​ជើងឯក​​​ម៉ារ៉ាតុង​នេះ ត្រូវ​បាន​លោក ស្រ៊ឺ ស្រេង ហៅ​ សំណព្វ ប្រធាន​គ្រប់​គ្រង​កីឡា​ប្រចាំ​នៅ PNN បានលើក​ឡើង​ នៅ​ក្នុងសន្និសីទ​កាសែត កាល​ពី​ថ្ងៃ​អាទិត្យ ថា ដើម្បី​ធ្វើ​ឲ្យការ​ប្រកួតកាន់តែ​ប្លែក ទាក់ទាញ និង​ផ្តល់​ផល​ប្រយោជន៍​ដល់ការ​អភិរក្ស និងអភិវឌ្ឍ​គុន​ខ្មែរ ជាពិសេស​ ដើម្បី​ចូល​រួម​កសាងធនធាន​កីឡា​ករក្នុងកម្រិត​B ឲ្យកាន់តែ​មាន​គុណ​ភាព សម្រាប់​ត្រៀម​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

បន្ថែម​លើនេះ ក្រៅ​ពី​ការ​ទទួល​បាន​ប្រាក់រង្វាន់ចំនួន ២,៦​លាន​រៀល ក្នុងការ​ប្រកួត​ដណ្តើម​ជើងឯក​ម៉ារ៉ាតុង​នេះ គឺ​កីឡាករទទួលបាន​លេខ​១ គឺសង្វៀន PNN បានសន្យាថា នឹងផ្តល់តម្លៃ​ខ្លួន​ប្រកួតមិនក្រោម ១,២​លាន​រៀល សម្រាប់ការ​​ប្រកួតក្រោយៗ នៅ PNN ហេតុ​នេះ អេលីត កែវឡុង ជាបេក្ខភាព​ដំបូងគេ ដែល​នឹងទទួល​បាន​អត្តប្រយោជន៍​មួយនេះ៕