អ្នកលេងកណ្តាប់ដៃល្បីល្បាញច្រើនឆ្នាំ រឿង សោភ័ណ្ឌ ត្រូវបានដាក់ឲ្យជួបកីឡាករកំពុងល្បីឈ្មោះ វង្ស វិឆ័យ ក្នុងការប្រកួតដណ្តើមប្រាក់លាន ទម្ងន់៧១គីឡូក្រាម នៅលើសង្វៀន CNC នារសៀលថ្ងៃសៅរ៍នេះ ហើយអ្នកប្រដាល់ លី ភា និង សុខ សុវណ្ណ ក៏ត្រូវប្រកួតដណ្តើមប្រាក់លានដូចគ្នានេះដែរ ដោយអ្នកឈ្នះ នឹងទទួលបាន១លានរៀល បន្ថែមទៅលើប្រាក់តម្លៃខ្លួន ដែលគិតស្មើនឹងការប្រកួតអន្តរជាតិ។
បើទោះបីជា រឿង សោភ័ណ្ឌ មានភាពល្បីល្បាញខ្លាំង និងមានបទពិសោធប្រកួតច្រើនជាង វង្ស វិឆ័យ រហូតដល់ជាង១០០ដង ប៉ុន្តែសិស្សគណរបស់ក្លិបមកុដរាជសីហ៍រូបនេះ មិនហ៊ានមើលរំលងសមត្ថភាពរបស់ វង្ស វិឆ័យ នោះទេ ព្រោះរូបគេខ្លាចជួបភាពអាម៉ាស ក្រោមស្នាដៃអ្នកប្រដាល់មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១រូបនេះ។
រឿង សោភ័ណ្ឌ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖”ខ្ញុំមិនអាចមើលរំលងសមត្ថភាពរបស់ វង្ស វិឆ័យ បាននោះទេ ព្រោះគេក្មេងមានកម្លាំងល្អ កម្ពស់ល្អ និងមានក្បាច់ជង្គង់ល្អ ហើយខ្ញុំក៏មិនធ្លាប់ជួបជាមួយគេកន្លងមកនោះទេ ហេតុនេះខ្ញុំរំពឹងឈ្នះត្រឹម៦០ភាគរយប៉ុណ្ណោះ”។
យ៉ាងណាក៏ដោយ រឿង សោភ័ណ្ឌ ដែលមានការបារម្ភខ្លាចប្រជាប្រិយភាពរបស់ខ្លួន ធ្លាក់ចុះ បើសិនជារូបគេ ចាញ់ក្រោមស្នាដៃអ្នកប្រដាល់ជើងថ្មី វង្ស វិឆ័យ នោះ បានបញ្ជាក់ថា៖”ខ្ញុំនឹងវ៉ៃដោយប្រយ័ត្នប្រយ៉ែងបំផុត ព្រោះបើចាញ់ជើងខ្លាំងជំនាន់ក្រោយ វង្ស វិឆ័យ ពិតជាអាម៉ាសខ្លាំងណាស់ ហើយក៏មិនអាចឲ្យចាញ់នោះដែរ”។
បើទោះបីជាគូដណ្តើមប្រាក់លានមួយនេះ មានបទពិសោធប្រកួតខុសគ្នាឆ្លាយ ប៉ុន្តែ រឿង សោភ័ណ្ឌ ក៏អាចនឹងជួបការលំបាក ក្រោមក្បាច់ជង្គង់របស់ វង្ស វិឆ័យ ដែរ បើសិនជាកណ្តាប់របស់គេ មិនអាចផ្តួល វង្ស វិឆ័យ ក្នុងរយៈពេល៣ទឹកនោះ ព្រោះ វិឆ័យ ក៏ធ្លាប់បានឈ្នះចាញ់ជាមួយអ្នកលេងជង្គង់ ឡុង សុភី ដូច រឿង សោភ័ណ្ឌ ផងដែរ ហើយការប្រកួតនេះ វង្ស វិឆ័យ បានដាក់ចិត្តប្រកួតខ្លាំង ព្រោះរូបគេ ចង់ដណ្តើមភាពខ្លាំងពី រឿង សោភ័ណ្ឌ។
វង្ស វិឆ័យ បានប្រាប់ថា៖”ខ្ញុំមិនហ៊ាននិយាយថា យ៉ាងណាទេ ព្រោះគាត់ជាកីឡាករជើងចាស់ ដែលល្បីល្បាញមុន ប៉ុន្តែខ្ញុំឡើងទៅដឹងតែវ៉ៃអស់ពីសមត្ថភាព ចំណែករឿងចាញ់ឈ្នះ មិនទាន់ហ៊ាននិយាយទេ គឺចាំមើលទៅលើការប្រកួតជាក់ស្តែង”៕