ក្រសួងអប់រំ យុវជន និងកីឡា បានដាក់សំណើទៅកាន់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឲ្យមានចំណាត់ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សំណើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននេះ គឺយោងទៅតាមកម្មវិធី នៃសេចកក្តីណែនាំរបស់ក្រសួងអប់រំ កាលពីថ្ងៃអង្គារ ដោយមានការចុះហត្ថលេខាទទួលស្គាល់ ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងសេចក្តីណែនាំថ្មីនេះ គឺបានបង្ហាញឲ្យឃើញ ពីការដាក់វិធានការកាន់តែតឹងរឹង ព្រោះកន្លងមក ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ត្រឹមសូមផ្អាកដំណើរការអាជីវកម្មក្លិបហាត់ប្រាណ និងកំណត់ការលេងកីឡា និងហាត់ប្រាណ មិនឲ្យមានគ្នាលើសពី១០នាក់ប៉ុណ្ណោះ ប៉ុន្តែលើកនេះ ក្រសួងសុំឲ្យផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ទាំងអស់តែម្តង។

នៅក្នុងសេចក្តីណែនាំថ្មីនេះ បានបញ្ជាក់ថា៖«ក្នុងស្មារតីបង្កើតការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ននេះ ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលនេះ ត្រូវបានបញ្ចប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវជ្រាប និងមានចំណាត់ការបន្ត ស្របតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់»៕