គុនចម្រុះគឺជាក្បាច់គុនថ្មីរបស់កម្ពុជាប្រមាណជា១០ឆ្នាំចុងក្រោយនេះប៉ុន្តែកីឡាករកីឡាការិនីមួយចំនួនកំពុងរះនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ ជាធម្មតា កីឡាករកីឡាការិនីកម្ពុជាមានក្បាច់បាត ឬ ជំនាញក្បាច់គុនប្រពៃណីរបស់ខ្លួន «គុនខ្មែរ» ដែលធ្វើឲ្យពួកគេអាចបត់បែន និង អភិវឌ្ឍខ្លួនបានល្អនៅក្នុងវិស័យគុនចម្រុះ។ ខាងក្រោមនេះសូមបង្ហាញអំពីជ័យជម្នះដ៏ធំបំផុតចំនួន ៥ របស់កីឡាករកីឡាការិនីកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship។
1# ចាន់ រតនា ផ្ដួល Fernandes ត្រឹមទឹកទី២ដ៏អស្ចារ្យ
នេះជាការប្រកួតដ៏ល្អមួយក្នុងទម្ងន់ flyweight រវាង ចាន់ រតនា និង Abro “The Black Komodo” Fernandes ក្រោមក្រសែភ្នែកកុះកររបស់ទស្សនិកជននៅកម្មវិធី ONE: DESTINY OF CHAMPIONS កាលខែ ធ្នូ ឆ្នាំ ២០១៨ ជាពេលដែលអ្នកលេងគុនចម្រុះរបស់កម្ពុជាអាចផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី២។ ចាន់ រតនា អាចរក្សាលំនឹងបានល្អនៅសង្វៀនលំដាប់ពិភពលោកមួយនេះទោះគូប្រជែងខំប្រើក្បាច់ចំបាប់ដើម្បីបំបាក់ក៏ដោយ ប៉ុន្តែជាផលតបសង គឺបានផ្ដល់ឲ្យ Fernandes នូវកណ្ដាប់ដៃត្រលប់ទៅវិញភ្លាមៗ។
កីឡាករតំណាងឲ្យកម្ពុជាការពារបានល្អពីការចូលចាប់របស់ “The Black Komodo” នៅទឹកទី២។ បន្ទាប់មក Fernandes ក៏បានព្យាយាមប្រើក្បាច់ឃ្លេក ប៉ុន្តែ មិនអាចទៅរួច។ រតនា បានដើរចូល និង ប្រើកណ្ដាប់ដ៏មានប្រសិទ្ធភាព។ រតនា បានប្រើកណ្ដាប់ដៃខាវឆ្វេងស្ដាំ និងរក្សាការគាបសង្កត់របស់គូបដិបក្ខ មុនពេលម៉ាត់ និងអុកជង្គង់ដើម្បីយកឈ្នះតែម្ដង។
2# អែម សុវណ្ណារី ឈ្នះក្នុងការបង្ហាញខ្លួនដំបូងលើលើ Kyselova
អែម សុវណ្ណារី ឬ រហស្សនាមថា “The Sweet Savage” ទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងលើកីឡាការិនីអ៊ុយក្រែន Iryna “Delsa” Kyselova នៅក្នុងកម្មវិធី ONE: DESTINY OF CHAMPIONS។
គ្រាន់តែចូលទឹកទី១ កីឡាការិនីកូនកាត់កម្ពុជា-អាមេរិក បានចូលទៅចាប់ផ្ដួល និងប្រើកណ្ដាប់ដៃពីលើយ៉ាងលឿនស្របពេលជើងទាំងពីរគាបគូប្រជែងឲ្យទៅក្បែររេញ។ ទោះ Kyselova ខំព្យាយាមរើបម្រាស់ពីការចាប់ និងចង់គេចឲ្យផុតពីគ្រោះថ្នាក់ ក៏ “The Sweet Savage” អាចប្រើជង្គង់យ៉ាងខ្លាំង និងគ្រប់គ្រងស្ថានការណ៍បាន។ សុវណ្ណារី មានឱកាសប្រយុទ្ធតាមចិត្ត និងប្រើកណ្ដាប់ដៃធ្ងន់ៗពីលើរហូតផ្ដួលដៃគូឲ្យសន្លប់ត្រឹម ៨១ វិនាទី ប៉ុណ្ណោះ។
3# សរ សី ឈ្នះពិន្ទុ Victorio Senduk
អ្នកលេងគុនចម្រុះជើងចាស់ សរ សី ធ្វើបានល្អបំផុតក្នុងអាជីពរបស់ខ្លួនពេលឈ្នះពិន្ទុជាឯកច្ឆន្ទ លើ Victorio “Indra” Senduk នៅក្នុងកម្មវិធី ONE: GRIT AND GLORY កាលខែ ឧសភា ឆ្នាំ ២០១៨។ កីឡាករមកពីក្លិប Cambodian Top Team ប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ីមិនដែលចាញ់នាគ្រានោះនៅមុខអ្នកគាំទ្រពីទីក្រុងក្រុងហ្សាកាតា ប៉ុន្តែរូបគេនៅតែធ្វើបានល្អ។ សរ សី ផ្ដោតលើការទាត់ជើងនៅទឹកទី២ ដែលជាជំនាញរបស់គុនខ្មែរ ហើយរូបគេក៏ប៊ិះនឹងបញ្ចប់កីឡាករឥណ្ឌូណេស៊ីទៅហើយ ពេលនៅពីលើក្នុងជំហរដេក និង ប្រើកណ្ដាប់តប់ពីលើយ៉ាងច្រើន។
បែបណាក្ដី នៅទឹកទី៣ សរ សី នៅតែមានប្រសិទ្ធភាពលើការប្រើជើង និង ការប្រកួតក្នុងជំហរដេកលើក្ដាររេញ។ គេនៅតែអាចប្រើជើងបានល្អលើកីឡាកររហស្សនាម “Indra” និង ប្រើក្បាច់ប្រយុទ្ធលើក្ដាររេញយ៉ាងមានប្រៀប មុនពេលកីឡាករមកពីខេត្តកណ្ដាលរូបនេះត្រូវអាជ្ញាកណ្ដាលប្រកាសឈ្នះពិន្ទុជាឯកច្ឆន្ទ។
4# ខុន ស៊ីចាន់ ឈ្នះ Umar
ការប្រកួតរវាង ខុន ស៊ីចាន់ និង Riski Umar ប្រដេញគ្នាមែនទែនទាំង៣ទឹកនៅក្នុងកម្មវិធី ONE: VISIONS OF VICTORY កាលខែ មីនា ឆ្នាំ ២០១៨ ប៉ុន្តែ កីឡាករកម្ពុជាប្រើក្បាច់ប្រយុទ្ធបានល្អជាងដើម្បីឈ្នះពិន្ទុមិនឯកច្ឆន្ទ។ Umar គំរាមកំហែងដល់ ស៊ីចាន់ ក្នុងការបញ្ចប់ដោយក្បាច់ឃ្លេ នៅទឹកដំបូង ប៉ុន្តែកីឡាករមកពីក្លិប Phnom Penh MMA និង PRODAL Fight Gym ក៏តបវិញបានល្អនៅទឹកទី២ ដោយក្បាច់ឃ្លេដែរ។
យ៉ាងណាក្ដី ស៊ីចាន់ បានដាល់យ៉ាងខ្លាំងៗ និងទាត់ចំគោលដៅនៅទឹកទី៣ដើម្បីធានាបានជ័យជម្នះលើកដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE។
5# នៅ ស្រីពៅ ឈ្នះ Rika ក្នុងការបង្ហាញខ្លួនលើកដំបូង
នៅ ស្រីពៅ បានធ្វើឲ្យចាប់អារម្មណ៍ក្នុងការប្រកួតទម្ងន់ women’s atomweight នៅពេលកីឡាការិនីកម្ពុជារូបនេះយកឈ្នះពិន្ទុ Rika “Tiny Doll” Ishige ក្នុងការបង្ហាញខ្លួនដំបូងនៅ ONE: CLASH OF LEGENDS កាលខែកុម្ភៈ ឆ្នាំ ២០១៩។ ស្រីពៅ មានក្បាច់ប្រយុទ្ធដ៏មានថាមពលលើកីឡាការិនីថៃ។ ម្ចាស់ខ្សែក្រវាត់របស់កម្ពុជាបានប្រើជំនាញវ៉ៃថ្ពក់របស់លើខ្លួនលើ “Tiny Doll” ដោយប្រើដៃឆ្វេង-ស្ដាំពីចម្ងាយ។ ក្នុងនោះ ស្រីពៅ ក៏មានជំនាញចាប់អុកជង្គង់ផងដែរ។ ស្រីពៅ មិនឲ្យកីឡាការិនីដែលមានមូលដ្ឋាននៅបាងកកចាប់បោកទៅក្ដាររេញបានងាយៗនោះឡើយ និង បន្តប្រើជើងដើម្បីដាក់គំនាបលើគូប្រកួតនៅទឹកទឹ២។ Ishige បានប្រើគ្រប់មធ្យោបាយសម្រាប់អ្នកគាំទ្ររបស់ខ្លួននៅរាជធានី បាងកក ប៉ុន្តែ ស្រីពៅ នៅតែប្រើកណ្ដាប់ដៃ និង ការទាត់ជើងក្រោមបានល្អដើម្បីឈ្នះពិន្ទុជាឯកច្ឆន្ទ។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONE Championship៕
អត្ថបទ៖ ស៊ីធី