ក្រុមយក្សរបស់បារាំង Paris Saint-Germain និងក្រុមម្ចាស់ជើងឯក ៥សម័យកាល Barcelona សុទ្ធសឹងសម្លឹងរកការឈ្នះកៅអីទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ក្រុមយក្សបារាំង PSG របស់លោក Unai Emery បានឈ្នះយ៉ាងងាយក្នុងការប្រកួតបើកឆាកទាំង៣លើករបស់ពួកគេ ដោយបានរកគ្រាប់បាល់បញ្ចូលទី ១២គ្រាប់ និងមិនរបូតសូម្បីតែ ១គ្រាប់ ហើយពួកគេត្រូវបានរំពឹងទុកថា នឹងយកឈ្នះលើក្រុម Anderlecht នៅកីឡដ្ឋាន Parc des Princes។ Edinson Cavani បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេល PSG យកឈ្នះលើ Nice ៣-០ កាលពីថ្ងៃសុក្រ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះ រកបាន ១គ្រាប់ពីការប្រកួត ១៤លើកនៅរដូវកាលនេះ។ ស្របពេលជាមួយគ្នានេះ តារាឆ្នើម Neymar ក៏នឹងត្រូវវិលចូលលេងវិញដែរ ក្រោយពីជាប់ពិន័យព្យួរ ១ប្រកួត ដោយសារតែទទួលបានកាតក្រហមពេលប្រកួតជាមួយ Marseille។ ក្រុម Anderlecht មិនទាន់រកបានគ្រាប់បាល់ ១គ្រាប់ ឬ១ពិន្ទុនៅឡើយទេ ក្នុងវគ្គចែកពូលនៅរដូវកាលនេះ។

សម្រាប់ការប្រកួតនៅថ្ងៃអង្គារនេះផងដែរ ជើងខ្លាំង Barcelona អាចឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ នៅត្រឹមថ្ងៃអង្គារនេះ។ ការទទួលជ័យជម្នះជាលើកទី ៤ជាប់ៗគ្នា លើទឹកដីក្រិក នឹងធ្វើឲ្យពួកគេឈ្នះសិទ្ធិទៅវគ្គបន្ត ប្រសិនបើ Sporting Lisbon មិនអាចផ្តួល Juventus បានទេនោះ។ ក្រុម Barca មិនស្គាល់ចាញ់សោះពីការប្រកួត ១៤លើកចុងក្រោយក្នុងរាល់យុទ្ធនាការទាំងអស់ បើគិតចាប់តាំងពីចាញ់ក្រុម Real Madrid ក្នុងពាន Super Cup របស់អេស្ប៉ាញ។ ក្រុមម្ចាស់ជើងឯករបស់អឺរ៉ុប ៥សម័យកាលមួយនេះ កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អក្នុងលីកអេស្ប៉ាញ ក្រោយពីបាត់បង់ត្រឹមតែ ២ពិន្ទុគត់ពីការប្រកួត១០លើកដំបូងរបស់ពួកគេ។ ក្រុម Barcelona បានផ្តួល Olympiakos ៣-១ កាលពី ២សប្តាហ៍មុន។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sports