កីឡាករជើងខ្លាំង ផល សោភ័ណ្ឌ ដែលទើបទទួលការខកចិត្តមកពីការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីនោះ កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នាយប់ថ្ងៃសៅរ៍ ខាងមុខនេះ ហើយ ថុល មករា ក៏ត្រូវប្រកួតដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមនេះដែរ។

អ្នកស្នេហាវិស័យកីឡាប្រដាល់ប្រហែលជាមិនទាន់ភ្លេចទេ ចំពោះការចាញ់យ៉ាងជូរចត់របស់ ផល សោភ័ណ្ឌ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីនេះ ដោយរូបគេត្រូវបានជើងខ្លាំងថៃវ៉ៃឲ្យសន្លប់នៅទឹកទី២ ផ្នែកកីឡាប្រដាល់សកល ដែលមានត្រឹម៣ទឹក។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកប្រកួតសេរី នៅលើសង្វៀនបាយ័ន កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមកនេះ ផល សោភ័ណ្ឌ បានវ៉ៃកីឡាករថៃ Petchnarint ឲ្យសន្លប់ក្នុងទឹកទី២ ហើយនៅពេលនេះ សោភ័ណ្ឌ កំពុងបង្កើតការប្រកួតយ៉ាងខ្លាំង ដើម្បីប្រកួតជម្រុះជាមួយជើងខ្លាំងរបស់ថៃ Maisut Pele ដែលធ្លាប់ស្មើពិន្ទុជាមួយជើងខ្លាំង ឡៅ ចន្ទ្រា និង ឈ្នះពិន្ទុ ឃីម បូរ៉ា ដោយអ្នកឈ្នះ នឹងត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងយប់ថ្ងៃសៅរ៍នោះតែម្តង។

លោក ម៉ាក់ សុខន គ្រូបង្វឹក ផល សោភ័ណ្ឌ បានប្រាប់ថា លោកបានជំរុញឲ្យ ផល សោភ័ណ្ឌ ហ្វឹកហាត់ខ្លាំង ត្រៀមការប្រកួតដណ្តើមប្រាក់លាននេះ។ លោកនិយាយថា៖«ការប្រកួតធម្មតា យើងមានតែ៥ទឹកទេ ប៉ុន្តែការប្រកួតដណ្តើមប្រាក់លាននេះ មានដល់៨ទឹក ព្រោះប្រកួតជម្រុះមាន៣ទឹក ហើយប្រកួតផ្តាច់ព្រ័ត្រមាន៥ទឹក ហេតុនេះខ្ញុំបានជំរុញឲ្យ សោភ័ណ្ឌ ហាត់ខ្លាំងជាងមុន ហើយសង្ឃឹមថា គេនឹងទទួលបានលទ្ធផលល្អ បើទោះបីជា Maisut Pele ធ្លាប់ស្មើ ឡៅ ចន្ទ្រា ក៏ដោយ»។

ចំណែក ថុល មករា ត្រូវប្រកួតជម្រុះជាមួយ Tounpe Sit ហើយកីឡាករថៃ ដែលធ្លាប់ប្រកួត ៨៣ដង ឈ្នះ៦៦ ចាញ់១៥ និងស្មើ២ដង ម្នាក់នេះធ្លាប់បានឈ្នះពិន្ទុ ថុល មករា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ព្រមទាំងធ្លាប់ឈ្នះពិន្ទុ សោម វិឆ័យ ផ្តួល ទេស ជីវ៉ា ឲ្យសន្លប់ទឹកទី៣ និងឈ្នះពិន្ទុ ឃីម បូរ៉ា។ ហេតុនេះការវិលមកជួបគ្នាលើកនេះ វាជាពេលដែល ថុល មករា ត្រូវសងសឹក Tounpe Sit ផងដែរ ដើម្បីស្វែងរកឱកាសឡើងទៅប្រកួតផ្តាច់ព្រ័ត្រយកប្រាក់រង្វាន់ ៤លានរៀល៕