លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea កាន់តែបង្កើតជម្លោះរបស់លោកជាមួយនឹងលោក Jose Mourinho តាមរយៈការព្រងើយកន្តើយទៅនឹងគ្រូបង្វឹករបស់ក្រុម Manchester United រូបនេះ ក្នុងពេលក្រុមរបស់លោកបានទទួលជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។

លោក Conte និងលោក Mourinho បានប៉ះទង្គិចពាក្យសំដីគ្នាជាច្រើនលើកច្រើនសារមកហើយ នៅរដូវកាលនេះ ហើយកាលពីសប្តាហ៍មុនថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានបញ្ជាក់ថា វាគឺជារឿងអព្ភូតហេតុមួយដែលក្រុម Chelsea បានឈ្នះពានក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ខណៈដែលការលើកឡើងបែបនេះគឺមានគោលបំណងក្នុងការវាយប្រហារលើលោក Mourinho ដែលបានបន្សល់ទុកក្រុមប្រកបដោយភាពរញ៉េរញ៉ៃ។

អ្នកចាត់ការទូទៅរបស់ក្រុម Man United រូបនេះ ដែលបានរងការបណ្តេញចេញដោយក្លិប Chelsea ២លើក បើទោះបីឈ្នះពានរបស់អង់គ្លេសចំនួន ៣លើកក៏ដោយនោះ បានធ្វើការវាយប្រហារទៅលើលោក Conte តាមរយៈការរិះគន់ទៅលើទម្លាប់របស់លោកទាក់ទងនឹងការត្អូញត្អែពីបញ្ហារបួសកីឡាករនៅរដូវកាលនេះ។

លោក Conte បានធ្វើការវាយបកវិញតាមរយៈការប្រាប់ឲ្យលោក Mourinho ឈប់និយាយពីអតីតក្លិបរបស់លោក។ ក្រោយពីការតែតបាល់បញ្ចូលទីនៅនាទីទី៥៥ របស់ខ្សែប្រយុទ្ធ Alvaro Morata បានធ្វើឲ្យលោក Mourinho រងបរាជ័យជាលើកទី៣ នៅឯកីឡដ្ឋាន Stamford Bridge វាគ្មានសញ្ញានៃការផ្សះផ្សារក្នុងទំនាក់ទំនងរវាងគ្រូបង្វឹកទាំងពីរឡើយ។ លោក Conte បានរត់ចូលទៅក្នុងទីលានប្រកួតដើម្បីអបអរជាមួយនឹងកីឡាកររបស់លោក និងអ្នកគាំទ្រ ដោយមិនបានចាប់ដៃជាមួយនឹងលោក Mourinho ដែលបានរង់ចាំនៅក្បែរទីលានប្រកួត និងបាននិយាយជាមួយនឹងបុគ្គលិកគ្រូបង្វឹកជាច្រើនរបស់ Chelsea ឡើយ។ នៅពេលដែលត្រូវបានចោទសួរពីការមិនចាប់ដៃនេះ លោក Conte បានបង្ហើបថា ការមិនផ្តល់ការគោរពរបស់លោកទៅកាន់ Mourinho គឺជាហេតុផលនៃការមិនចាប់ដៃរបស់លោក

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia