បរទេស៖ លោក Antonio Conte បាន​កំណត់យក​ភាព​ជោគ​ជ័យ​យ៉ាង​ខ្ពស់ សម្រាប់​រដូវកាល​ពេញ​លេញ​ជាលើក​ដំបូង​​របស់​លោក ក្នុងនាម​ជា​​អ្នក​ចាត់ការ​ទូទៅ​របស់ Tottenham តាមរយៈ​ការ​ប្រកាស​ពី​មហិច្ឆ​តា​របស់​លោក ក្នុងការ​​ឈ្នះ​ទាំងពានក្នុងក្រប​ខ័ណ្ឌ Premier League និង​ Champions League។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនវ បាន​ចាត់​ទុកថា ការ​សម្រេច​បាននូវ​សមិទ្ធផល​ក្នុងការ​ជួយ​ឲ្យ​ក្រុម Spurs បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ កាលពី​រដូ​វកាល​មុន គឺ​ជា​រឿង​អព្ភូត​ហេតុ​។ ប៉ុន្តែ ក្រោយពី​ការ​បណ្តាក់ទុន​ដ៏ធំ​នា​រដូវក្តៅនេះ តាមរយៈ​ការ​ទិញ​ចូល​កីឡាករ​ឆ្នើម​ៗ​ជាច្រើន​ដូច​ជា Richarlison, Yves Bissouma, Djed Spence, Ivan Perisic, Clement Lenglet និង Fraser Forster លោក Conte កំពុង​តែ​ដាក់​គោលដៅ​ដ៏ខ្ពស់នៅ​រដូវនេះ​។ នៅមុន​ពេល​ការ​ប្រកួត​​បើក​ឆាក​នៅ​រដូវ​កាល​នេះ ជាមួយនឹងក្រុម Southampton នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ លោក Conte បាន​និយាយ​ទាំង​ញញឹម​ថា៖ «ហេតុអ្វីយើ​ង​មិនអាច​ឈ្នះពានក្រប​ខ័ណ្ឌ Premier League និង Champions League?»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «គោល​ដៅ​របស់​ខ្ញុំ​ និង​គោល​ដៅ​របស់​ក្លិប​នេះ គឺ​ការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ឡើង​។ វា​ជា​ដំណើ​វិវឌ្ឍ​ដែល​យើង​បាន​ចាប់ផ្តើម​កាលពី​៧​ខែមុន​។ ប្រសិន​បើ​អ្នក​ដណ្តើម​បាន​កៅអី​មួយ​ក្នុងក្រប​ខ័ណ្ឌ Champions League វា​មិនមែន​មានន័យ​ថា អ្នក​​សម្រេច​បាន​គោល​​ដៅ​របស់​អ្នក​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia