ប្រណាំង​រថយន្ត៖ កីឡាករ​អាល្លឺម៉ង់ Sebastian Vettel បាន​យកឈ្នះ​ព្រឹត្តិការណ៍ F1 British Grand Prix ដើម្បី​បង្អាក់​ដំណើរ​ជ័យជំនះ​របស់ Lewis Hamilton ដែល​ចង់​ឈ្នះ​នៅ​លើ​ទឹកដី​អង់គ្លេស​ ៥​ឆ្នាំ​ជាប់​គ្នា​។

​​អ្នកការពារ​ជើងឯក Lewis Hamilton ដែល​ចេញដំណើរ​មុខ​គេ តែ​បញ្ចប់​ការប្រកួត​បាន​ត្រឹម​លេខ2​។ កីឡាករ​​របស់ Ferrari, Kimi Raikkonen បាន​លេខ​៣ ទោះបី​មានការ​ពិន័យ 10វិនាទី​ក្រោយ​មាន​កំហុស​ពេល​ចេញ​ដំណើរដែល​ធ្វើ​អោយ Lewis Hamilton រអិល​ចេញពី​ផ្លូវ​។​ នេះ​ជា​ជ័យជំនះ​លើក​ទី​បួន​សំរាប់ Sebastian Vettel រដូវ​កាល​នេះ និង​លើក​ទី51 ក្នុង​អាជីព ហើយក៏​ជា​បរាជ័យ​សំរាប់​ក្រុម Mercedes លើកដំបូង​នៅ​ទីលាន Silverstone រាប់​ពី​ឆ្នាំ2012​។

​ក្រោយ 10ទីលាន​រដូវ​កាល​នេះ Sebastian Vettel បន្ត​ឈរ​លើ​គេ​ក្នុង​តារាង​ជើងឯក​មាន 171ពិន្ទុ តាម​ពីក្រោយ 8ពិន្ទុ​ដោយ Lewis Hamilton ដែល​មាន 163ពិន្ទុ ខណៈ​កីឡាករ​ហ្វាំ​ង​ឡង់ Kimi Raikkonen មាន 116ពិន្ទុ​។ ​នៅ​ក្នុង​ខែ​កក្កដា​នេះនៅសល់​ ២ទីលាន​ទៀត ក្នុង​នោះ​បន្ត​ទៅ​ប្រទេស​អាល្លឺម៉ង់​ថ្ងៃ​ទី​22 និងហុង​គ្រី​ថ្ងៃ​ទី​29៕