ក្រុមអត្តពលិកបាញ់កាំភ្លើងរបស់ចិន បានគ្រប់គ្រងក្នុងការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games កាលពីថ្ងៃចន្ទ ខណៈដែលពួកគេបានទទួលជ័យជម្នះទាំងក្នុងការប្រកួតលើវិញ្ញាសាបាញ់កាំភ្លើងខ្សល់ផ្នែកនារី និងបុរស ហើយក៏បានឈ្នះក្នុងការប្រកួតបាញ់កាំភ្លើងលើគោលដៅច្រើនផ្នែកនារីផងដែរ។
កីឡាករ Yang Haoran វ័យ២២ឆ្នាំ និងកីឡាការិនី Zhao Ruozhu វ័យ ២០ឆ្នាំ សុទ្ធសឹងបានទទួលជ័យជម្នះដូចគ្នាក្នុងការប្រកួតបាញ់កាំភ្លើងខ្យល់ផ្នែកបុរស និងនារី ក្រោយពីបានធ្វើការរារាំងពីការប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់កីឡាករឥណ្ឌា និងកូរ៉េខាងត្បូងរៀងៗខ្លួន។ វាជាការឈ្នះមេដាយទី២ ក្នុងរយៈពេល ២ថ្ងៃ សម្រាប់អត្តពលិកបាញ់កាំភ្លើងទាំង២ ក្រោយពីពួកគេបានឈ្នមេដាយប្រាក់ក្នុងវិញ្ញាសាជាក្រុមចម្រុះ កាលពីថ្ងៃអាទិត្យ។
Yang ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១៤ រកបានពិន្ទុជាកំណត់ត្រាចំនួន ២៤៩,១ពិន្ទុ ក្នុងទីក្រុង Palembang ដើម្បីនាំមុខលើកីឡាករឥណ្ឌា Deepak Kumar ដែលបាន២៤៧,៧ពិន្ទុ ស្របពេលដែលកីឡាករតៃវ៉ាន់ Lu Shao-chuan បានឈ្នះមេដាយសំរឹទ្ធជាមួយនឹងការរកបានពិន្ទុសរុប ២២៦,៨ពិន្ទុ។
ជាមួយគ្នានេះ Zhao ក៏រកបានពិន្ទុសរុបរហូតដល់២៥៩,៩ពិន្ទុ ដើម្បីកត់ត្រាជ័យជម្នះលើវិញ្ញាសានារី។ បច្ចុប្បន្ន ចិន កំពុងតែ នាំមុខនៅលើតារាងមេដាយ ក្រោយពីឈ្នះមេដាយមាសសរុប១៥ ខណៈដែលជប៉ុន កំពុងតែដេញតាមពីក្រោយ ជាមួយនឹងមេដាយមាស៨ ហើយកូរ៉េខាងត្បូង និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស៥ និង៤រៀងៗខ្លួន៕