កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ស្រួង ភាវី បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតកីឡាស្នូកឃ័រជើងឯកពិភពលោក 8th World Championship Ladies 3-Coshion Izmir ជាមួយកីឡាការិនីជប៉ុន Hida Orie នៅប្រទេសទួរគី នារសៀលម៉ោង៣ ថ្ងៃព្រហស្បតិ៍នេះ។

នៅមុនការឡើងមកជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ស្រួង ភាវី និង Hida Orie ធ្លាប់បានជួបគ្នាម្តងហើយ ក្នុងការប្រកួតជម្រុះប្រចាំពូលA ហើយជាលទ្ធផល ភាវី បានយកឈ្នះកីឡាការិនីជប៉ុនរូបនេះជាមួយពិន្ទុទាំងប្រផិតប្រផើយបំផុតគឺ ២៥-២៤ ខណៈការប្រកួត២ប្រកួតផ្សេងទៀត អ្នកទាំង២នេះបានឈ្នះដូចគ្នា។

យ៉ាងណាក៏ដោយ ការទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតវគ្គខ្វែង៨នាក់ចុងក្រោយ កាលពីម្សិលមិញ ដោយក្នុងនោះ ស្រួង ភាវី បានឈ្នះកីឡាការិនីកូឡុំប៊ី Claudia LALINDE ៣០-១៦ ឯ Hida Orie ឈ្នះកីឡាការិនីរបស់កូរ៉េខាងត្បូង ៣០-២៨ ទើបធ្វើឲ្យអ្នកទាំង២ បានឡើងមកជួបគ្នាជាថ្មី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀលម៉ោង៣ ថ្ងៃព្រហស្បតិ៍នេះ៕