កីឡាករវាយកូនបាល់ Roger Federer បានបញ្ជាក់ថា រូបគេមិនចង់ដរងបរាជ័យពីមុខក្រុមគ្រួសារដ៏ក្មេងខ្ចីរបស់គេឡើយ ខណៈដែលរូបគេបានបង្ខំចិត្តប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតលើកទី២ជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ Shanghai Masters កាលពីថ្ងៃព្រហស្បតិ៍។

ម្ចាស់ការពារតំណែងជើងឯករូបនេះ បានឈានទៅវគ្គ៨នាក់ចុងក្រោយ ក្រោយពីបានផ្តួលកីឡាករអេស្ប៉ាញ Roberto Bautista Agut ក្នុងលទ្ធផល ៦-៣ ២-៦ និង៦-៤។ Federer នឹងត្រូវប្រកួតជាមួយនឹងកីឡាករជប៉ុន Kei Nishikori ស្របពេលដែលកីឡាករ Novak Djokovic និង Alexander Zverev ក៏បានឈានទៅវគ្គបន្តផងដែរ ជាមួយនឹងជ័យជម្នះងាយស្រួលជាង។ នៅមុននេះបន្តិច កីឡាករសញ្ជាតិស្វ៊ីសវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានបង្ខំឲ្យខិតខំយ៉ាងខ្លាំងក្នុងការប្រកួតបើកឆាករបស់គេកាលពីថ្ងៃពុធ នៅពេលប្រកួតជាមួយនឹងកីឡាករ Daniil Medvedev របស់រុស្ស៊ី។

Federer បានឲ្យដឹងថា៖ «ខ្ញុំបានប្រាប់ខ្លួនឯង ជាពិសេសនៅរាត្រីនេះថា ខ្ញុំមិនអាចចាញ់បានឡើយ ពីព្រោះក្រុមគ្រួសាររបស់ខ្ញុំ កំពុងតែមើលខ្ញុំ ប៉ុន្តែ ខ្ញុំមិនដឹងថា ខ្ញុំអាចធ្វើបានកម្រិតណាឡើយ»។ Federer បានបញ្ជាក់ថា ការជួបការប្រកួតដ៏ស្វិតស្វាញចំនួន២លើករបស់គេ បានជួយឲ្យរូបគេអាចខ្លួនយ៉ាងល្អដើម្បីជួបជាមួយនឹង Nishikori នៅថ្ងៃស្រុកនេះ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា វានឹងជួយដល់ខ្ញុំ ក្រោយពីខ្ញុំបានប្រកួតជាមួយនឹង Medvedev និង Bautista Agut ដែលជាគូប្រជែងដ៏ខ្លាំង»៕

ប្រភព៖ Channel News Asia