ឆ្នាំ២០១៨ នេះ Emmanuel Onyedikachi អ្នកប្រដាល់កំណាចរបស់ ONE ដូចមានរាស្សីជោគជ័យខ្លាំងណាស់។ ជោគជ័យទាំងនោះ ឆ្លុះបញ្ចាំងពីការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងរបៀបរបបរស់នៅល្អរបស់គាត់ផងដែរ។ គួររំលឹកផងដែរថា កាលពីដើមឆ្នាំខែមីនាកន្លងទៅ កីឡាករប្រដាល់អាព្រិចវ័យ ៣១ ឆ្នាំរូបនេះ មានឱកាសឡើងបញ្ចេញសមត្ថភាពលើសង្វៀន ONE Warrior Series របស់ Rich Franklin ដែលពេលនោះខ្លួនវៃតំណាងឲ្យក្លឹប សិល្បៈ។ បន្ទាប់មក គាត់ក៏ទទួលបានជ័យជម្នះដល់ទៅ ៣លើកជាប់ៗគ្នា មិនស្គាល់ចាញ់ម្តងឡើយ។

Onyedikachi ទើបប្រឡូកក្នុងអាជីពជាអ្នកប្រដាល់ថ្មីមែន ប៉ុន្តែគាត់ធ្លាប់បានផ្តួលជើងខ្លាំង Sandeep Kumar Dahiya លើការប្រកួតប្រភេទទំងន់ welterweight រួចបាត់ទៅហើយ។ ការដែលត្រូវឡើងប្រកួតលើសង្វៀនខ្លាំងៗម្តងៗ មិនមានជារឿងងាយស្រួលប៉ុន្មានទេ យ៉ាងណាមិញ Onyedikachi អាចទទួលជ័យជម្នះបានដោយសារខ្លួនមានរបបហូបចុក និងការរស់នៅត្រឹមត្រូវ តាមរបៀបអ្នកប្រដាល់អាជីព។ ក្នុងនាមជាគ្រូហ្វឹកហាត់ផ្ទាល់ខ្លួនម្នាក់ដែរ គាត់ចង់ចែករំលែកវិធីសាស្រ្តមួយចំនួនដល់មិត្តរួមអាជីពដូចគ្នាបានដឹង។

គន្លឹះ៣យ៉ាងរបស់ Onyedikachi ដើម្បីសុខភាពល្អមានដូចជា៖

របៀបបញ្ចុះទម្ងន់

Onyedikachi និយាយថាគាត់អាចធ្វើឲ្យស្រកទម្ងន់ ឬឡើងទម្ងន់ ប្រើរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារខ្លួនមានរបបអាហារ និងការហ្វឹកហាត់ពិសេស។ គាត់បញ្ជាក់ថា៖ «សម្រកទម្ងន់ ឬតម្លើងទម្ងន់ អ្វីដែលសំខាន់គឺរបបអាហារ មិនមែនត្រឹមតែការហ្វឹកហាត់នោះទេ។ បើសិនចង់សម្រកទំងន់ខ្លាំង ត្រូវតែជៀសកុំហូបសាច់ជ្រូក បាយស នំបុ័ងស នឹងស្រា- ជាពិសេសជៀសស្រាបៀរ ឲ្យបាន១០០%! កុំផឹកស្រាបៀរឲ្យសោះក្នុងរយៈពេលពីរ ឬបីខែដំបូង នៅពេលដែលយើងកំពុងព្យាយាមបញ្ចុះទម្ងន់»។ ត្រូវដឹងថាការផឹកកូកាកូឡាតែ ៦០០មីលីលីត្រ មានជាតិស្ករ ៦៤g ស្មើនឹង ១៦ ស្លាបព្រាកាហ្វេ។ បើគិតថាចង់សម្រកទម្ងន់ខ្លាំង គួរតែពិចារណាឈប់ផឹកជាតិសូដា ឬភេសជ្ជៈថាមពលចេញពីរបបអាហារទាំងស្រុងតែម្តង។

នៅជិតមនុស្សដែលមានការគិតដូចគ្នា

វាអាចនឿយហត់ខ្លាំងពេលត្រូវនៅកន្លែងហ្វឹកហាត់យូរ ប៉ុន្តែនៅពេលមនុស្សជុំវិញខ្លួនយើងចេះផ្តោតអារម្មណ៍ និងមានចិត្តគំនិតដូចគ្នាទៅលើអ្វីមួយនោះ វាមានឥទ្ធិពលជួយជំរុញផ្នែកស្មារតីយើងបានច្រើន។ Onyedikachi សព្វថ្ងៃហ្វឹកហាត់ជាមួយតារាប្រដាល់ប្រចាំ ONE Championship ចាន់ រតនា នៅក្លឹប សិល្បៈ របស់គាត់ ប៉ុន្តែគាត់ក៏មានដៃគូហ្វឹកហាត់ផ្សេងៗជាច្រើនទៀតដែរដើម្បីជួយគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនីមួយៗ។ ដៃគូគាត់ម្នាក់ទៀតគឺ Kamila Simková ក៏កំពុងហ្វឹកហាត់ក្នុងក្លឹបជាមួយគ្នាដែរ នាងបានជួយគាត់ត្រៀមវៃជាមួយ Dahiya។ «នាងមានទំនុកចិត្តខ្ពស់ដែលមានខ្ញុំជាដៃគូហ្វឹកហាត់ ទោះខ្ញុំគួរឲ្យខ្លាចប៉ុណ្ណាក៏ដោយ។ ជាពិសេសនៅពេលខ្ញុំត្រូវវៃ ជាមួយនឹង Dahiya នាងជាមនុស្សសំខាន់ម្នាក់ដែលជួយខ្ញុំក្នុងការត្រៀមប្រកួតមួយនោះ»។

បរិភោគអាហារល្អៗ

ក្នុងមួយថ្ងៃៗ Onyedikachi ហ្វឹកហាត់ជាច្រើនម៉ោងដើម្បីរក្សាសាច់ដុំខ្លាំងខ្លារបស់គាត់ ប៉ុន្តែបើគាត់មិនបានហូប និងសម្រាកគ្រប់គ្រាន់ដើម្បីឱ្យរាងកាយជាសះស្បើយនោះទេ វានឹងពិបាកបន្តិច។ គាត់ពន្យល់ថា៖ «ខ្ញុំមិនទាន់បានហ្វឹកហាត់ខ្លាំងណាស់ណានោះទេ ប៉ុន្តែខ្ញុំនៅតែមានសាច់ដុំ ហេតុអី? មកពីខ្ញុំ ប្រយត្ន័លើអ្វីដែលខ្ញុំហូប»។ អ្នកប្រដាល់អាគាំងរូបនេះ បន្ថែមថាដើម្បីមានសុខភាពល្អគួរចាប់ផ្តើមហូបបន្លែឲ្យបានច្រើន។ គាត់ក៏ណែនាំឲ្យហូបអាហារល្អៗផ្សេងទៀតដូចជា គ្រាប់ធញ្ញជាតិជាដើម។ គ្រាប់ធញ្ញជាតិនឹងជួយឲ្យយើងឆាប់ឆ្អែត ហើយមានសារធាតុប្រឆាំងជាមួយអុកស៊ីតកម្ម។ ហូបគ្រាប់ធញ្ញជាតិច្រើនប្រភេទនឹងជួយដល់រាងកាយយើងមិនធម្មតា។ ថែមស​ណ្តែ​ក​ក្រហមក្នុងអាហារប្រចាំថ្ងៃ នឹងជួយបន្ថែមជាតិសរសៃ ហើយកាត់បន្ថយជាតិស្ករក្នុងឈាម។ សណ្តែកកំប៉ុង ក៏ល្អក្នុងការបន្ថែមជាតិប្រូតេអ៊ីន និង ជាតិសរសៃដែរ។ អាហារទាំងនេះ យើងអាចងាយស្រួលរកបានគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។ ថ្វីបើក្នុងរយះពេលតែ១ ឆ្នាំ ខ្លួនទទួលបានជោគជ័យច្រើនក្នុងអាជីពមែន តែគាត់ជឿជាក់ថា ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ Onyedikachi សម្លឹងឃើញអនាគតល្អក្នុងសង្វៀន ONE Championship ហើយបានដាក់គោលដៅច្បាស់លាស់សំរាប់អនាគត។ «កីឡាករភាគច្រើន ព្យាយាមយកខ្សែក្រវាត់បានតែ ២ប៉ុណ្ណោះ។ ខ្ញុំវិញនឹងយកឲ្យបានខ្សែក្រវាត់ ៤ គឺ ខ្សែក្រវាត់ទម្ងន់ធ្ងន់មួយ ទម្ងន់ធ្ងន់ស្រាលមួយ ទម្ងន់មធ្យមមួយ និង ទម្ងន់កណ្តាលមួយ»។