លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ មិនហ៊ានមើលស្រាលក្រុមឡើងទម្រង់លេងហូឡង់ឡើយ ខណៈដែលក្រុមរបស់លោកសម្លឹងរកការឈ្នះកៅអីទៅលេងក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League។

ក្រុមជម្រើសជាតិបារាំង ត្រូវការត្រឹមតែ ១ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ ក្នុងទីក្រុង Rotterdam នៅរាត្រីនេះ ដើម្បីឈ្នះកៅអីទៅវគ្គបន្ត ហើយលោក Deschamps អតីតខ្សែបម្រើអន្តរជាតិបារាំង បានចាត់ទុក Frenkie de Jong ជាកីឡាករដ៏សំខាន់របស់ក្រុមជម្រើសជាតិហូឡង់ ក្រោមការដឹកនាំរបស់លោក Ronald Koeman ក្រោយពីខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup នៅឆ្នាំនេះ។ លោក Deschamps បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ‍«យើងតែងតែសរសើរខ្សែប្រយុទ្ធ ប៉ុន្តែ មានកីឡាការម្នាក់ដែលផ្តល់ការចាប់អារម្មណ៍ខ្ញុំ ហើយរូបគេគឺជាខ្សែបម្រើវ័យក្មេង De Jong ដែលមានភាពឆ្លាតវៃ និងសមត្ថភាពក្នុងការគ្រប់គ្រងបាល់ និងនាំបាល់ទៅតំបន់ប្រយុទ្ធ»។

ក្រុមជម្រើសជាតិបារាំង មិនស្គាល់ចាញ់សោះ និងកំពុងនាំមុខក្នុងពូល 1 នៃ League A ក្រោយពីការប្រកួត ៣លើក ដោយមាន ៤ពិន្ទុលើក្រុមឈរលេខ២ ហូឡង់ ដែលនៅតែមានការប្រកួត២លើកទៀតក្នុងដៃរបស់ពួកគេ។ ក្រុមរបស់លោក Koeman បានយកឈ្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ៣-០ កាលពីជុំមុន និងបានរងបរាជ័យទាំងប្រផិតប្រផើយនាកីឡដ្ឋាន Stade de France កាលពីខែកញ្ញា។ ពួកគេក៏បានលេងយ៉ាងល្អផងដែរក្នុងពេលបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីខែមុន។ ប្រសិនបើបារាំង ចាញ់នៅថ្ងៃសុក្រ ពួកគេនឹងផ្តល់ឱកាសដល់ហូឡង់ ក្នុងការឡើងឈរពីលើពួកគេនៅពេលដែលពួកគេប៉ះអាល្លឺម៉ង់ ក្នុងទីក្រុង Gelsenkirchen នៅថ្ងៃចន្ទ៕

ប្រភព៖ Channel News Asia