ជាមួយនឹងពត៌មានពីចំណាប់អារម្មណ៏របស់ក្លឹបធំៗនៅក្របខណ្ឌ Premier League លើកីឡាករខ្សែការពារឆ្វេង Alex Sandro របស់ក្រុម Juventus ម្ចាស់ជើងឯក SerieA ដែលមានមូលដ្ឋាននៅទីក្រុង Turin កំពុងសម្លឹងឃើញបេក្ខភាពខ្សែការពារឆ្វេងរបស់ក្រុមក្រុម Real Madrid គឺកីឡាករជើងចាស់ Marcelo ដើម្បីមកជំនួសតំណែងប្រសិន Alex Sandro ចាកចេញពីក្រុម។

កីឡាករអន្តរជាតិប្រេស៊ីល Alex Sandro ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមពីរនៅក្របខណ្ឌ Premier League គឺ Chelsea និង Manchester United ក្រោយពីបានបង្ហាញទម្រង់លេងលេចធ្លោនៅក្របខណ្ឌ SerieA។

គេហទំព័រ Tuttosport របស់អ៊ីតាលី បានចុះផ្សាយថាពាក្យចចាមអារ៉ាមនៃពត៌មានចង់បាន Alex Sandro កាន់តែលេចចេញជារូបរាងឡើង ស្របពេលដែលសាមីខ្លួននៅមិនទាន់ចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយក្រុមស្រ្តីជរា Juventus ខណៈកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅឆ្នាំ ២០២០។ Marcelo គឺជាគោលដៅសំខាន់សម្រាប់គ្រូបង្វឹកលោក Allegri ខណៈដែលអតីតមិត្តរួមក្រុម Marcelo គឺខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ដែលកំពុងលេងនៅទីនោះស្រាប់គឺជាអំណោយផលក្នុងការបញ្ចុះបញ្ចូល Marcelo អោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ដើម្បីលេងរួមគ្នាវិញផងដែរនោះ។

មួយវិញទៀតក្រុម Juventus អាចនឹងមានជម្រើសសម្រាប់បេក្ខភាពកីឡាករមកជំនួស Alex Sandro នោះគឺខ្សែការពារ Jordi Alba របស់ក្លឹប Barcelona ផងដែរ ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពសក្តិសមដើម្បីជំនួស Alex Sandro ជាមួយនឹងពត៌មានចុះផ្សាយថា Alba មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្លឹប Barcelona បន្ទាប់ពីរូបគេមិនបានបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូងអោយបានទៀងទាត់ និងមិនជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអេស្បាញនាពេលកន្លងមក។

ប្រភព៖ besoccer