ជាមួយនឹងការចូលមកដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Santiago Solari នាំអោយស្ថានភាពអនាគតរបស់ Keylor Navas កាន់តែមិនច្បាស់លាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ និងបានប្រែក្លាយរូបគេទៅជាកីឡាករបម្រុងរបស់ក្រុមអធិរាជស Real Madrid ទៅវិញ។ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Julen Lopetegui គាត់បានផ្តល់ឪកាសអោយពួកគេទាំងពីរលេងឆ្លាស់គ្នាម្តងម្នាក់ជាមួយអ្នកចាំទី Thibaut Courtois ដែលផ្ទេរមកពី Chelsea។

ប៉ុន្តែក្រោយទទួលបានការតែងតាំងជាផ្លូវការណ៏អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនលោក Solari បានកាត់បន្តយការបង្ហាញសមត្ថភាពរបស់អ្នកចាំទីសញ្ជាតិកូស្តារីការូបនេះទៅវិញដោយផ្តល់ឪកាសអោយ Coutois វិញម្តង។ គួរកត់សម្គាល់បន្តថាការប្រកួតពីរលើកចុងក្រោយសម្រាប់ក្រុម Real Madrid នៅលីកកំពូលទ្វីបអឺរ៉ុប Champion League សម្រាប់ Navas បានត្រឹមអង្គុយជាកីឡាករបម្រុងតែប៉ុណ្ណោះ ហើយគ្មានឪកាសចូលលេងទេ។

Navas បានផ្តល់បទសម្ភាសន៏ នៅលើកម្មវិធី El Chiringuito របស់អេស្បាញថា: ខ្ញុំបានឈ្នះពានរង្វាន់ជើងឯកចំនួនបីជាប់ៗគ្នាតែពេលនេះគឺខ្ញុំមិនបានចូលលេង(Navas និយាយដោយទឹកមុខស្រពាប់ស្រពោន។ ប្រសិនបើការមកដល់របស់ Solari បានផ្លាស់ប្តូរអ្វីនោះវាគឺជាការបែងចែកតួនាទីកីឡាករ។ ប៉ុន្តែអ្នកដែលកំពុងតែស្រេកឃ្លានការប្រកួតហើយកំពុងទទួលរងទុក្ខលំបាកច្រើនបំផុតនាពេលនេះគឺ Navas, Isco និង Asensio នេះតែម្តង។

ប្រភព៖ marca