Ryan Giggs បានរិះគន់ដល់ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku ក្នុងពេលអតីតក្រុមរបស់ខ្លួន Manchester United បានចាញ់ Liverpool ក្នុងលទ្ធផល ៣:១ កាលពីថ្ងៃអាទិត្យ។ គ្រូបង្វឹកក្រុមជម្រើសជាតិវែលរូបនេះបានអះអាងថាកីឡាករអន្តរជាតិបែលហ្ស៊ិកបានធ្វើឱ្យឪកាសក្នុងការគ្រប់គ្រងបាល់ ប្រែក្លាយជាអសាបង់ និងកាន់តែអាក្រក់ទៅវិញ។ Lukaku បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម Man Utd ស្របពេលដែលរូបគេបាន ប៉ះបាល់ចំនួន ២០លើកក្នុងអំឡុងពេលប្រកួត ប៉ុន្តែមិនមានសំណាងស៊ុតបញ្ចូលទី និងចំគោលដៅនោះទេ។
អតីតខ្សែបម្រើប្រយុទ្ធស្លាប Giggs ជឿជាក់ និងយល់ថា Lukaku មិនបានបំពេញកាតព្វកិច្ច គ្រប់គ្រាន់ដើម្បីដឹកនាំការវាយសម្រុកសម្រាប់ Man United។ ថ្លែងប្រាប់ Optus Sport បុរសវ័យ ៤៥ឆ្នាំរូបនេះ បាននិយាយនៅពេលបញ្ចប់តង់ទី១ ថា: យើងធ្លាប់មានខ្សែប្រយុទ្ធកណ្តាលល្អដូចជា Eric Cantona ដែលជាអ្នករកគ្រាប់បាល់ដ៏ល្អ ប៉ុន្តែពេលនេះ Lukaku មិនបានបំពេញតួនាទីបានពេញលេញនៅតំបន់ប្រយុទ្ធកណ្តាលនោះទេ។
ក្រមរបស់លោក Jose Mourinho បានរងបរាជ័យក្នុងលទ្ធផល ៣-១ នៅលើទឹកដី Anfield ហើយឥឡូវនេះឈរនៅចំណាត់ថ្នាក់លេខរៀងទី៦ មានគម្លាតរហូតដល់ទៅ ១៩ពិន្ទុតាមពីក្រោយក្រុមការពារតំណែងជើងឯក Premier League គឺ Man.City ។ ខ្សែប្រយុទ្ធ Sadio Mane បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកនៅតង់ទី១ ប៉ុន្តែខ្សែបម្រើ Jesse Lingard បានរកគ្រាប់បាល់តាមស្មើបន្ទាប់ពីអ្នកចាំទីប្រេស៊ីល Alisson បង្ក កំហុសធ្វើការ Clear បាល់មិនបានល្អ ដែលជាឪកាសធ្វើអោយក្រុមភ្ញៀវ Man United តាមស្មើបាន។
ការដាក់បញ្ចូល Xherdan Shaqiri អតីតកីឡាករក្រុម Stoke City នៅក្នុងតង់ទី២ បានផ្លាស់ប្តូរស្ថានការប្រកួត ខណៈខ្សែបម្រើសញ្ជាតិស្វីសបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់វាយបកដើម្បីទទួលជ័យជម្នះសម្រាប់ក្រុមលោក Jurgen Klopp និងបានជួយក្រុមឈរនៅទីកំពូលតារាង Premier League គិតត្រឹមសប្តាហ៏ទី១៧ នេះ។
ប្រភព៖ metro