ក្រុម Tottenham បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Arsenal ប៉ុន្តែ ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងតែ១មួយ ត្រូវបានរំខាន ខណៈដែលខ្សែប្រើ Dele Alli បានរងនូវការចោលដងទឹកសុទ្ធពីលើពីសំណាក់អ្នកគាំទ្រ។

ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-Min បានជួយឲ្យក្រុម Tottenham មានគ្រាប់បាល់នាំមុខមុននៅតង់ទី១នៃការប្រកួតវគ្គ៨ក្រុមចុងក្រោយយ៉ាងស្វិតស្វាញ។ Alli បានបង្កើនការនាំមុខរបស់ក្រុម Tottenham បន្ទាប់ពីតង់ទី១ ខណៈដែលពួកគេដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន Emirates ជាលើកទី១ ក្នុងចំណោមការធ្វើដំណើរទៅប្រកួត១០លើក ចាប់តាំងពីឆ្នាំ២០១០។

ការអបអរនៃការរកគ្រាប់បាល់របស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានបង្កើតឲ្យមានការបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បាពីសំណាក់អ្នកកាំទ្រម្នាក់របស់ Arsenal ដែលបានគប់ដបជ័រទៅលើ Alli ចំផ្នែកខាងក្រោយនៃក្បាលរបស់គេនៅនាទី ទី៧៣។ Alli បានអង្អែលក្បាលរបស់គេចុះឡើង ប៉ុន្តែ ហាក់មិនមានរបួសអ្វីឡើយ ខណៈដែលរូបគេបានប្រថុយក្នុងការបង្កើនកម្តៅបន្ថែមទៀតតាមរយៈការបញ្ចេញកាយវិការទៅកាន់អ្នកគាំទ្រនៃក្រុម Arsenal ដើម្បីបង្ហាញពីលទ្ធផលនៃគ្រាប់បាល់។ Alli បាននិយាយទាំងញញឹមថា៖ «រឿងវាអ៊ីចឹងឯង។ វាបានបង្កើតឲ្យគ្រាប់បាល់នោះ និងជ័យជម្នះកាន់តែមានភាពផ្អែមល្ហែម។ យើងបានដឹងពីភាពសំខាន់នៅថ្ងៃនេះ ដែលជាការប្រកួតដ៏ធំមួយ។ វាជាការបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយ»៕

ប្រភព៖ Channel News Asia