ក្រុម Inter Milan នឹងត្រូវលេងការប្រកួតក្របខ័ណ្ឌ Serie A លើទឹកដីខ្លួនឯងក្នុងទីលានបិតជិតដោយគ្មានអ្នកគាំទ្រ ក្រោយពីបានរងនូវការដាក់ទណ្ឌកម្មសម្រាប់ការស្រែកច្រៀងបន្ទរតៗគ្នាក្នុងគោលដៅវាយប្រហារទៅលើខ្សែការពារ Kalidou Koulibaly របស់ក្រុម Napoli។

នេះបើយោងទៅតាមការប្រកាសរបស់ក្របខ័ណ្ឌលីកអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។ Koulibaly ត្រូវបានគេប្រៀបធៀបទៅនឹងសំឡេងសត្វស្វា ពីសំណាក់អ្នកគាំទ្រជាច្រើនលើក អំឡុងពេលក្រុម Inter បានយកឈ្នះក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន San Siro កាលពីថ្ងៃពុធ ដែលនាំឲ្យ Napoli ស្នើសុំឲ្យផ្អាកការប្រកួតនេះ ក្នុងពេលស្ថិតក្នុងលទ្ធផលស្មើ ០-០។ Inter ក៏នឹងត្រូវតែលេងការប្រកួតមួយផ្សេងទៀត ដោយកន្លែងអង្គុយផ្នែកខាងជើងរបស់ពួកគេ នឹងមិនត្រូវបើកឲ្យអ្នកគាំទ្រផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គភាពផ្នែកវិន័យរបស់ក្របខ័ណ្ឌលិក បានចាត់ទុកថា វាមិនត្រឹមតែជា «ចម្រៀងបែបវាយប្រហារទៅលើការរើសអើងជាតិសាសន៍មានគោលដៅទៅកាន់ Kalidou Koulibaly ប៉ុន្តែ ក៏ជាចម្រៀងបែបមើលស្រាលទៅលើធម្មជាតិនៃដែនដីផងដែរ» ទៅកាន់អ្នកគាំទ្រ Napoli។

ខ្សែការពារកណ្តាលអន្តរជាតិសេណេហ្គាល់ Koulibaly នឹងត្រូវតែរងពិន័យព្យួរចំនួន២ប្រកួតសម្រាប់ការរងពិន័យកាតក្រហមរបស់គេ ក្រោយពីបានទទួលការពិន័យកាតលឿងជាលើកទី២សម្រាប់ការទះដៃបែបចំអកទៅកាន់អាជ្ញកណ្តាល។ Koulibaly បានសុំអភ័យទោសនៅលើបណ្តាញសង្គម Twitter សម្រាប់ការបរាជ័យរបស់ក្រុម និងការរងពិន័យកាតក្រហម ប៉ុន្តែ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះស្បែករបស់ខ្ញុំ។ មានមោទនភាពចំពោះការកើតមកជាជនជាតិបារាំង សេណេហ្គាល់ អ្នកនៅ Napoles និងជាមនុស្សម្នាក់»៕

ប្រភព៖ Channel News Asia