ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane របស់ Tottenham និងតារាឆ្នើម Mauro Icardi របស់ Inter Milan នឹងត្រូវប្រជែងគ្នាក្នុងការប្រកួតកាត់សេចក្តីដ៏សំខាន់មួយ ខណៈដែលខ្សែប្រយុទ្ធ ២រូបនេះ នឹងត្រូវប៉ះគ្នានៅកីឡដ្ឋាន Wembley នៅរាត្រីនេះ។

ទាំង Kane និង Icardi សុទ្ធសឹងបានឆ្លងកាត់ឧបស័គ្គលំបាកៗជាច្រើន មុននឹងបានសង្គ្រោះការធ្លាក់ចុះទម្រង់លេង និងការខ្វះនូវការជឿជាក់ ដើម្បីឈានដល់ទម្រង់លេងកម្រិតកំពូល។ បច្ចុប្បន្ន ក្នុងនាមជាខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងក្លិបរបស់ពួកគេរៀងៗខ្លួន តារាឆ្នើមទាំង២ កំពុងតែស្ថិតក្នុងបញ្ជីកីឡាករដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកីឡានេះ។ កីឡាករទាំង២ សុទ្ធសឹងត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid នៅរដូវកាលនេះ ហើយការប្រកួតដ៏សំខាន់នៅសប្តាហ៍នេះរវាងក្រុម Tottenham និង Inter នឹងផ្តល់នូវឱកាសមួយផ្សេងទៀតក្នុងការបង្ហាញពីកម្រិតខ្លាំង និងភាពមុតស្រួចរបស់ពួកគេ។

បច្ចុប្បន្ន Icardi បានស៊ុតបាល់បញ្ចូលទី១០៦គ្រាប់ ក្នុងការប្រកួត១៦៧លើកនៃក្របខ័ណ្ឌលីកសម្រាប់ Inter ដោយបានបញ្ចប់ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុត២លើកក្នុងក្របខ័ណ្ឌ Serie A និងបានក្លាយជាប្រជានក្រុមរបស់ក្លិបនេះកាលពី៣ឆ្នាំមុន។ ដោយឡែក Kane វ័យ២៥ឆ្នាំ បានបង្កើតឲ្យមានកំណត់ត្រាគ្រាប់បាល់បញ្ចូលទីជាច្រើន តាមរយៈការរកបានច្រើនជាង១០០គ្រាប់ឲ្យក្រុម Tottenham និងក្លាយជាកីឡាករទី២របស់អង់គ្លេស ក្នុងការបញ្ចប់ក្នុងនាមជាអ្នកបានគ្រាប់បាល់ច្រើនជាងគេក្នុង World Cup។ Kane រកបាន១១គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ ខណៈដែលគ្រាប់បាល់២គ្រាប់របស់គេ បានជួយឲ្យ Tottenham យកឈ្នះលើក្រុម PSV Eindhoven ២-១ ក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេ បានរក្សាក្តីសង្ឃឹមរបស់ក្រុមខ្លួនក្នុងការទៅវគ្គបន្ត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Sport24