យោងតាមគេហទំព័រកីឡាករអង់គ្លេស Daily Mirror បានចុះផ្សាយថាម្ចាស់ក្លឹប Chelsea មហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich មានបំណងចង់នាំយក Icardi ទៅកាន់ទឹកដី Stamford Bridge ដោយផ្ទាល់។ កីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Inter នៅរដូវកាលនេះដោយរកបាន​ ១៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២២ប្រកួត។

លោក Maurizio Sarri គ្រូបង្វឹកក្រុម Chelsea ចង់អោយមានការផ្ទេរជាផ្លូវការណ៏ លើខ្សែប្រយុទ្ធថ្មីនៅក្នុងខែមករានេះ ស្របពេលដែល Alvaro Morata កំពុងតែសម្លឹងរកការចាកចេញពីទឹកដី Stamford Bridge ក្នុងខែនេះខណៈដែលភ្នាក់ងាររបស់គាត់ បានធ្វើការពិភាក្សាជាមួយក្រុម Sevilla រួចហើយ។ Sevilla ចង់ចុះហត្ថលេខាជាមួយ Morata លើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់រយៈពេលនៅសល់នៃរដូវកាលនេះ និងមានឆន្ទៈក្នុងការចំណាយប្រាក់ ១៥០០០០ផោន/ក្នុងមួយសប្តាហ៍សម្រាប់ Morata។ ប៉ុន្តែក្រុមតោខៀវ Chelsea មានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យកីឡាករអន្តរជាតិអេស្បាញរូបនេះចាកចេញរហូតដល់មានការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធថ្មីមកជំនួសវិញ។

ខ្សែបម្រើ-ប្រយុទ្ធស្លាប Callum Wilson របស់ក្រុម Bournemouth គឺស្ថិតក្នុងបញ្ជីទិញចូលរបស់ក្រុម នៅកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការបាន១០ថ្ងៃនៅខែមករានេះផងដែរ។ Inter មានសង្ឃឹមយ៉ាងមុតមាំសម្រាប់ Icardi កីឡាករវ័យ ២៥ឆ្នាំរូបនេះក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយខណៈដែល រូបគេមានកិច្ចព្រមព្រៀងទិញផ្តាច់កុងត្រាចំនួន ១០០លានអឺរ៉ូ(ស្មើនិង ៩០លានផោន)។ ប៉ុន្តែក្រុម Chelsea ក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងពីក្លិប Real Madrid សម្រាប់ Icardi ផងដែរ។

ប្រភព៖ Metro