បរទេស៖ ក្លិប​​តោ​ខៀវ Chelsea កំពុង​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​បំពេញ​​ការ​ផ្ទេរ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អេ​ស្ប៉ាញ Marc Cucurella ពី​ក្លិប Brighton​។ ខ្សែ​ការ​ពារ​វ័យ​២​៤​ឆ្នាំរូបនេះ បាន​ដាក់​សំណើ​សុំ​ការផ្ទេរ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប Manchester City ប៉ុន្តែ ពួកគេ​មិន​បាន​​ព្យា​យាម​នាំ​ឲ្យ​មានការ​ផ្ទេរ​មួយ​ឡើយ និង​បាន​គិត​ថា តម្លៃខ្លួន​​របស់​ខ្សែ​ការ​ពារ​រូបនេះ ខ្ពស់​ពេក​។

ប្រភព​​នៅ​ក្លិប Chelsea ជឿជាក់​ថា នឹង​បំពេញ​ការ​ផ្ទេរ​នេះ ប៉ុន្តែ ក្លិប Brighton បាន​បញ្ជាក់​ថា ការ​ព្រម​ព្រៀង​គ្នាមួយ​មិនទាន់​ឈាន​ដល់​​ជា​មួយនឹង​ក្លិប​ណាមួយឡើយ​។ តម្លៃ​ខ្លួន​នៃ​ការ​ផ្ទេរ Cucurella មាន​ចំនួន​​៥២,​៥លានផោន (ស្មើនឹង​៦៤លាន​ដុល្លារអាមេរិក) ខណៈ​ដែល​ខ្សែ​ការ​ពារ​កណ្តាល​វ័យ​១៩​ឆ្នាំ Levi Colwill អាច​នឹង​​​ត្រូវ​ផ្ទេរ​ទៅ​កាន់​ក្លិប Brighton វិញ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​។ Cucurella បាន​យល់​ព្រម​លើ​លក្ខខណ្ឌផ្ទាល់​ខ្លួន​រួច​ជាស្រេច ហើយការ​​ចូលរួម​របស់​ខ្សែ​ការ​ពារ​សញ្ជតិ​អេ​ស្ប៉ាញ​រូបនេះ នឹង​ជួយ​ពង្រឹង​ដល់​ក្រុម​របស់​លោក Thomas Tuchel ស្រ​បពេល​ដែល​លោក​កំពុង​តែ​សម្លឹង​រក​ធ្វើការ​ពង្រឹង​នៅ​តំបន់​ការ​ពារ​របស់ Chelsea​។

ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា Brighton ដែល​ទំនង​ដូច​ជា​ត្រូវ​ទទួល​​បរា​ជ័យ​ក្នុង​ការ​ប្រមាញ់​ទិញ​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Sergio Reguilón ពីក្លិប Tottenham និង Zaidu Sanusi របស់​​ក្លិប Porto បាន​បញ្ជាក់​ប្រាប់​ថា វា​នឹងមិន​ងាយស្រួល​ឡើយ​សម្រាប់​លោក Tuchel ក្នុងការ​នាំ​យក​អតីត​ខ្សែ​ការ​ពារ​របស់​ក្លិប Getafe រូបនេះ​នោះ​៕

 

ប្រភព​ព័ត៌​មាន៖ BBC