គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer បានក្លាយជាអ្នកចាត់ការទូទៅនៃក្រុម Manchester United ទី១ ដែលបានដឹកនាំក្រុមឈ្នះការប្រកួតនៅលីកកំពូលអង់គ្លេស ៧លើកជាប់គ្នា ខណៈ ក្រុម Man.Unted ផ្តួលក្រុម Brighton។ វាជាជ័យជម្នះ ៧ប្រកួតចុងក្រោយចាប់តាំងពីអ្នកចាត់ការទូទៅសញ្ជាតិន័រវេរ ទទួលបានកៅអីមកដឹកនាំ នៅទឹកដី Old Trafford កាលពីមួយខែមុនជាមួយការប្រកួតដំបូងទល់នឹងក្រុម Cardiff។ Man.United បច្ចុប្បន្ន សម្រាប់សប្តាហ៏ទី២៣ នេះមានគម្លាតតែ ៣ពិន្ទុពីក្រោយក្រុមលេខ៤គឺ តោខៀវ Chelsea ដែលចាញ់ក្រុមកាំភ្លើងធំ Arsenal ២:0 កាលពីថ្ងៃសៅរ៍។

ខ្សែបម្រើ-ប្រយុទ្ធកណ្តាល Paul Pogba មានឪកាសរកគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី២៧ មុនពេលខ្សែប្រយុទ្ធ Marcus Rashford បាននាំមុខគ្រាប់ទីពីរ និងជាគ្រាប់បាល់ទី៤១ (របស់គេសម្រាប់ក្លិបក្រោយបង្ហាញខ្លួនបាន ១៥០ប្រកួត) មុនបញ្ចប់ការប្រកួតតង់ទី១។

ក្រុម Brighton បានខិតខំធ្វើការប្រកួតនៅតង់ទី២ ខណៈកីឡាករ Pascal Gross របស់ក្រុមភ្ញៀវមិនបានធ្វើអោយក្រុមអ្នកគាំទ្រអស់សង្ឃឹមពេកនោះដែរ គឺធ្វើការវាយបកតាម ពីក្រោយ ១គ្រាប់វិញនៅនាទីទី៧២ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏ដូចដើមវិញបានដដែល។ បរាជ័យនេះបានធ្វើអោយក្រុមឈរនៅចំណាត់ថ្នាក់ទី១៣ ក្រោយចាញ់ ៥ប្រកួតក្នុង ៨លើកចុងក្រោយ នៅក្របខ័ណ្ឌ Premier League របស់ពួកគេ។

Wolverhampton vs Leicester City

ការប្រកួត ១គូទៀតរវាងក្រុម Wolverhampton ជាមួយនិង Leicester City កីឡាករ Diogo Jota បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់(៤,៦៤,៩០+៣)ដើម្បីរកបានជ័យជម្នះសម្រាប់ Wolves ក្នុងលទ្ធផលផ្តួលក្រុមភ្ញៀវ Leicester City ៤:៣។ លទ្ធផលបរាជ័យសប្តាហ៏ទី២៣ នេះគឺជាការបង្កើនសម្ពាធលើគ្រូបង្វឹក Claude Puel។

បច្ចុប្បន្នក្រុម Wolverhampton មានចំណាត់ថ្នាក់លេខ៨ ខណៈក្រុម Leicester City មានគម្លាត ១ពិន្ទុនិងមានចំណាត់ ថ្នាក់លេខ៩ នៅតារាងក្របខណ្ឌ Premier League។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC