បរទេស៖ Man. City បានបំបែកឯតទគ្គកម្មនៅក្របខណ្ឌ Premier League ដោយប្រមូលប្រាក់ច្រើនបំផុតពីការលក់កីឡាករក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ យោងគេហទំព័រ The Sun បានចុះផ្សាយ។
គួរបញ្ជាក់ថាបន្ទាប់ពីដណ្តើមបានជើងឯកលីគកំពូលអង់គ្លេស៥ដងក្នុងរយៈពេលប្រាំរដូវកាលចុងក្រោយក្រុមលោក Pep Guardiola មានការមមាញឹកក្នុងការដោះដូរកីឡាករកីឡដ្ឋាន Etihadច្រើនបំផុតមុនរដូវកាល២០២២-២០២៣ចាប់ផ្តើម។ គួរបញ្ជាក់ថាបន្ទាប់ពីការមកដល់ក្នុងខែមករារបស់ Julian Alvarez ក្នុងតម្លៃប្រមាណ១៤.២ លានផោនពី River Plate និង Erling Braut Haaland ក្នុងតម្លៃទិញផ្ដាច់កុងត្រា៥១ លានផោនពី Dortmund ក្លឹបបន្តនាំយកអ្នកចាំទី Stefan Ortega ដោយគ្មានតម្លៃខ្លួនពី Arminia Bielefeld មុនពេលនាំយកខ្សែបម្រើ Kalvin Phillips ពី Leeds United ក្នុងតម្លៃប្រមាណ ៤២ លានផោន។
មានន័យថាទោះបីជាចំណាយប្រាក់ជិត ១០០ លានផោននៅរដូវក្តៅនេះ និង យ៉ាងហោចណាស់បង្កើនការចុះហត្ថលេខាកីឡាករថ្មីម្នាក់ គឺ ខ្សែការពារឆ្វេង Marc Cucurella មករួមក្រុម ប៉ុន្តែ Man City រំពឹងថានឹងបញ្ចប់ការដោះដូរកីឡាករដោយនៅតែទទួលបានប្រាក់ចំណេញដដែល។ យោងគេហទំព័រ The Sun បានចុះផ្សាយថា Man City ផ្ទុយទៅវិញប្រមូលប្រាក់បាន ១៧៤ លានផោនពីការលក់កីឡាករ ១០ នាក់ ដែលបានបំបែកកំណត់ត្រា Premier League ដែលធ្លាប់កាន់កាប់ដោយ Chelsea កាលពីប្រាំឆ្នាំមុន នៅពេលដែលពួកគេលក់កីឡាករបានត្រឹម ១៦៦ លានផោន។ ហើយកីឡាករសំខាន់៣រូបដែលពួកគេលក់បានប្រាក់ច្រើនជាងគេនោះគឺ Raheem Sterlingទៅកាន់Chelsea ក្នុងតម្លៃ៤៧,៥លានផោននិង Gabriel Jesus ព្រមទាំង Oleksandr Zinchenko បានចូលរួមជាមួយក្រុមលោក Mikel Artetaគឺ Arsenal បានប្រាក់សរុប៧២លានផោន៕
ប្រភពព័ត៍មាន៖ Sportsmole