ក្រុមកីឡាគុនដាវរបស់កម្ពុជា នឹងត្រូវធ្វើការប្រកួតកីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ នឹងគ្រោងបញ្ចប់នៅថ្ងៃចន្ទ ខាងមុខនេះ គឺបន្ទាប់ពីប្រតិភូកីឡាតំណាងឲ្យកម្ពុជា មួយក្រុមនេះ បានធ្វើដំណើរមកដល់ទីក្រុងកូឡាឡាំពួរ កាលពីព្រឹកម៉ោង១១:៣០ ថ្ងៃពុធ ម្សិលមិញ។

លោក សុខ អាង គ្រូបង្វឹកធំកីឡាគុនដាវកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ហាក់មានរំពឹងខ្ពស់ថា កម្ពុជា នឹងអាចទទួលបានលទ្ធផលល្អ ព្រោះព្រឹត្តិការណ៍កីឡាគុនដាវជើងឯកអាស៊ាន ដែលទើបប្តូរមកធ្វើរយៈពេល១ឆ្នាំម្តងនេះ គឺក្រុមគុនដាវកម្ពុជា ធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ កាលពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតនេះ កម្ពុជា បានបញ្ជូនក្រុមអត្តពលិករបស់ខ្លួនចំនួន៩នាក់ (ស្រី៣នាក់) ទៅចូលរួមការប្រកួតនេះ ក្រោមការដឹកនាំរបស់លោកជំទាវ សុខា សុធានី និងគ្រូធំ គ្រូជំនួយសរុប ៣នាក់ ហើយពួកគេត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាជាក្រុមដាវកាប់នារី ជាក្រុមដាវធំបុរស ឯកត្តជនដាវកាប់នារី ដាវតូចបុរស និងកត្តជនដាវធំបុរស។

បើតាមលោក សុខ អាង បានឲ្យដឹងថា ការប្រកួតកីឡាគុនដាវជើងឯកអាស៊ាននេះ មាន១០ប្រទេសចូលរួម គឺលើកលែងតែប្រទេសទីម័រខាងកើត ដែលមិនបានចូលរួម ហើយក្នុងចំណោមប្រទេសទាំង១០នេះ វៀតណាម និងប្រទេសសិង្ហបុរី មានសមត្ថភាពខ្ពស់ជាងគេ លើប្រភេទកីឡាគុនដាវនេះ៕