កីឡាករ Conor McGregor ក្នុងថ្ងៃនេះ បាននិយាយថា ខ្លួនបានវ៉ាដាច់ Cristiano Ronaldo ក្នុងនាមជាកីឡាករដែលរកលុយបានច្រើនបំផុតក្នុងបញ្ជី Forbes ក្នុងឆ្នាំ ២០១៨។ McGregor ក៏បានដាក់ផ្លែឲ្យ Floyd Mayweather ដែរថា អតីតកីឡាករប្រដាល់រូបនេះនឹងមិនមានមុខក្នុងបញ្ជីហ្នឹងទេ។
ក្នុងសារមួយបង្ហោះក្នុងគណនីផ្លូវការ Instagram របស់ខ្លួនក្នុងថ្ងៃនេះ McGregor បានសរសេរថា៖ “ខ្ញុំពិតជាចង់ឃើញបញ្ជីកីឡាករដែលរកលុយបានច្រើនបំផុតរបស់ Forbes ក្នុងឆ្នាំនេះណាស់។ គិតមកទល់ពេលនេះ ខ្ញុំបានវ៉ាដាច់ Cristiano Ronaldo រឿងរកលុយហ្នឹងហើយ។ ខ្ញុំបានប្រាប់គេហើយកាលពីឆ្នាំ ២០១៦ ថាខ្ញុំប្រាកដជាធ្វើបាន’។
កីឡាករវៃបុករូបនេះ មិនបានបង្ហើបតួលេខនៃលុយដែលខ្លួនអាចរកបាននោះទេ។ ទោះជាយ៉ាងណា កាលពីការប្រកួតជាមួយ Floyd Mayweather កាលពីខែសីហា ឆ្នាំមុន McGregor បានរកបានរហូតដល់ទៅ ៣០ លានដុល្លារសហរដ្ឋអាមេរិក ខណៈរបាយការណ៍ខ្លះទៀតបានបញ្ជាក់ថា ចំណូលសរុបដែលកីឡាករអៀរឡង់រូបនេះ ទទួលបានពីការប្រកួត អាចដល់ ១០០លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកឯ Ronaldo វិញ កីឡាករព័រទុយហ្គាល់បានជាប់ឈ្មោះជាកីឡាករដែលមានចំណូលច្រើនបំផុតក្នុងបញ្ជី Forbes ឆ្នាំ ២០១៧ ដោយកីឡាករព័រទុយហ្គាល់រកបានដល់ទៅ ៩៣ លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈ ១២ខែ។
ក្រៅពីនិយាយរឿង Ronaldo ក្នុងសារដដែល កីឡាករសញ្ជាតិអៀរឡង់ McGregor ក៏បាននិយាយអំពីកីឡាករ Floyd Mayweather ផងដែរ។ McGregor បានសរសេរថា៖ “Floyd នឹងមិនមានឈ្មោះក្នុងបញ្ជី Forbes ទេ ដោយសារតែ គេគ្រាន់តែជាកីឡាករប្រដាល់ចូលនិវត្តន៍មួយរូប ដែលមិនមានសមត្ថភាពក្នុងការរកប្រាក់ចំណូលច្រើនក្រាស់ក្រែល ក្រៅពីអាជីពហ្នឹង”។
សូមបញ្ជាក់ផងដែរថា ក្រោយប្រកួតឈ្នះ McGregor កាលពីខែសីហាឆ្នាំមុន កីឡាករ Floyd បានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់។ ពេញមួយអាជីពខ្លួន (៥០ ប្រកួត) Floyd មិនដែលស្គាល់សោះពាក្យថាចាញ់ឡើយ៕
Via: Sabay