ភ្នំពេញៈ ក្រុមសីដក់​ដេអិន គ្រោង​នឹង​បង្កើន​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​កាន់​តែ​ខ្លាំង ដើម្បី​ត្រៀម​ការ​ប្រកួត​​កីឡា​សីដក់​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៨ បន្ទាប់​ពី​ក្រុម​មួយ​នេះ បានជម្នះ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ការ​ប្រកួត​កីឡាសីដក់​«ពាន​រង្វាន់សម្ព័ន្ធ​សីដក់ លើក​ទី ​១ ឆ្នាំ ​២០១៨» ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ស្រូយ សុវណ្ណរ៉ា ប្រធាន​ក្លិប​កីឡាសីដក់​ដេអិន បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា៖​ «​​ការ​ប្រកួត​នេះ ពិត​ជា​មាន​ភាព​ស្វិតស្វាញ​មែន​ទែន ព្រោះ​មាន​ក្លិបល្អៗចូល​រួម​ប្រកួតច្រើន។ យើង​បាន​ជួបការ​លំបាក​តាំង​​ពី​ការ​ប្រកួត​លើក​ទី ​១ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ដោយសារ​ក្រុម​របស់​យើង បាន​សហការ​គ្នា​ល្អ​ ទាំង​ថ្នាក់​ដឹក​នាំ និង​កីឡាករ ពិសេស​យើង​បាន​ប្រមូល​ផ្តុំ​គ្នា​ហ្វឹក​ហាត់​ជា​​រៀល​ល្ងាច នៅ​ម្តុំ​ក្តាន់ ​២»។

ក្រុមសីដក់​ដេអិន ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ការ​ប្រកួត​កីឡាសីដក់​ពាន​រង្វាន់សម្ព័ន្ធ​សីដក់ លើក​ទី ​១ ឆ្នាំ ​២០១៨ ក្រោយ​ពេល​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​សីដក់​ក្រសួងការពារជាតិ ២-០ ក្នុងការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ ហើយ​ក្រុម​សីដក់គ្លីនិក​ហំសីហៈ បាន​យក​ឈ្នះ​ក្រុម​សីដក់​ព្រះខ័នរាជ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៣ ។

យ៉ាង​ណា​ក៏​ដោយ មុន​នឹង​បាន​ឡើង​មក​ជួប​ក្រុម​សីដក់​ក្រសួងការពារជាតិ​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ថ្ងៃ​អាទិត្យ​នោះ កីឡាករ ស៊ុក សុវណ្ណដា, រាជ ប៊ុនរាម, សុន រ៉ាវី, ចាន់ មីនា និង​កីឡាករ ឈិន វិទូ របស់​ក្លិប​សីដក់​ដេអិន បាន​​​​សហការ​គ្នា​លេង​យ៉ាង​ល្អ ក្នុងការ​ប្រកួត​វិល​ជុំ នៅ​រៀងរាល់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ​៣ ខែមីនា មក។

​​ក្រុមកីឡាសីដក់​​តំណាង​ឲ្យ​ក្លិបចំនួន ​៩ បាន​ដាក់​ពាក្យ​ចូល​រួមការ​ប្រកួត​កីឡាសីដក់​ពាន​រង្វាន់​សម្ព័ន្ធ​សីដក់ ​ប្រចាំ​ឆ្នាំ​ ២០១៨ នេះ ក្នុង​នោះ​មានក្លិបកីឡា​​សីដក់​ក្រសួងការពារជាតិ, ព្រះខ័នរាជ, គ្លីនិកហំសីហៈ, យុវខេមរា, បានលុង, ដេអិន, ទន្លេបាសាក់, មេគង្គកីឡា, និង​ក្លិប​កីឡាសីដក់​អូឡាំ​ពិក ហើយ​ក្លិប​ទាំង​នេះ អាច​នឹង​វិល​មក​ជួប​គ្នា​ម្តង​ទៀត ក្នុងការ​ប្រកួត​កីឡាសីដក់​ជ្រើសជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៨ ដែល​នឹង​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​ ៧ ​ខែ​កក្កដា ខាង​មុខ​នេះ។


Via :postkhmer