ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ CNC​ នឹងត្រាក់កាន សរសើរ​ កីឡាករ​ ឡៅ​ ចន្រ្ទា​ ថា​ល្អ​គ្រប់​ស្នៀត​ ប៉ុន្តែ​ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ​នេះ​ នឹង​វ៉ៃ​ដោយ​ប្រើ​ខួរក្បាល​យក​ឈ្នះ​ម្ដង​ទៀត។​

នឹងត្រាក់កាន បាន​ឲ្យ​ដឹង​ថា​ កីឡាករ​កម្ពុជា​ ឡៅ​ ចន្រ្ទា​ រូប​នេះ​ គឺ​ល្អ​គ្រប់​ក្បាច់​ទាំង​អស់​ មិន​ថា​ដៃ​ ជើង​ ឬ​កែង​ទេ​ សុទ្ធ​តែ​ល្អ​ ជា​ពិសេស​ទៀត​នោះរឹងមាំ។​ ប៉ុន្តែ​អ្នក​ប្រដាល់​ឆ្លងដែន​មក​ពី​ថ្ងៃ​ខាង​លើ​ មិន​បាន​ខ្លាច​ញញើត​អ្វី​ឡើយ ពោល​នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​ពេល​ប្រកួត​ជា​មួយ​ មាស​ សុជាតិ​ កន្លង​ទៅ​ទៀត។​


សម្រាប់​ការ​ប្រកួត​លើក​ទី២​នេះ​ កីឡាករ​មក​ពី​ប្រទេស​ជិតខាង​កម្ពុជា​រូប​នេះ​ មិន​ឲ្យ​ ឡៅ​ ចន្រ្ទា​ មាន​ប្រៀប​លើ​ចំណុច​ណា​មួយ​ឡើយ។​ ចំពោះ​ចំណុច​ដែល​ត្រូវ​ពង្រឹង​ខ្លាំង​ជាង​គេ​ ដើម្បី​ត្រៀម​ប៉ះ​អ្នក​លេង​គុន​ខ្មែរ​នោះ​ គឺ​កណ្ដាប់​ដៃ​ ព្រោះ​ហាក់​នៅ​ខ្សោយ។​ ការ​ប៉ះ​គ្នា​លើក​ទី២​នេះ​ នឹង​ព្យាយាម​ប្រើ​ខួរក្បាល​ វ៉ៃ​តាម​បច្ចេកទេស​ក្នុង​ការ​យក​ឈ្នះ​ជា​ថ្មី​ម្ដង​ទៀត។​


កីឡាករ​ថៃ​ នឹងត្រាក់កាន ធ្លាប់​ឈ្នះ​ ឡៅ​ ចន្រ្ទា​ ដោយ​ពិន្ទុ​ម្ដង​ហើយ​ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​របស់​សង្វៀន​ CNC​ កាល​ខែ​កញ្ញា​ ២០១៧​ មក​ម្ល៉េះ។​ ពួកគេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​ថ្មី​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នៅ​ CNC​ ក្នុង​ជំនួប​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។​ កុំ​ភ្លេច​តាមដាន​ទស្សនា​ ថា​តើ​អ្នក​ណា​បាន​៣ពិន្ទុ​បន្ថែម៕​